លទ្ធផលទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន របស់គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ លោក វង សូត អនុប្រធានទី២នៃរដ្ឋសភា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ជី ពឹងស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សភាប្រជាជនចិនអាណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងជាអន្តរជាតិ (Chinese Association for International Understanding) និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហា រដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញចូលរួមសន្និសីទពិភពលោកលើកទី២នៃអ្នកសិក្សាអំពី ចិន ក្រោមប្រធានបទ “ការយល់ដឹងអំពីអរិយធម៌ចិន និងការលើកកម្ពស់ទំនើបកម្មពិភពលោក” នៅខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។

អំឡុងពេលបេសកកម្មការងាររយៈពេល៤ថ្ងៃនេះ លោក វង សូត និងគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលរួមមាន លោក កែវ ពិសិដ្ឋ លេខាធិការគណៈកម្មការនីតិកម្ម និងយុត្តិធម៌ បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំទាំងក្របខណ្ឌសភា និងក្របខណ្ឌគណបក្សនៃខេត្តហ្វូជាន ព្រមទាំងបានបំពេញទស្សនកិច្ច នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗមួយចំនួនក្នុងខេត្តហ្វូជានផងដែរ។

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ លោក វង សូត បានផ្តល់សុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទ ពិភពលោកលើកទី២នៃអ្នកសិក្សាអំពីចិន ដោយបានផ្តល់សារៈសំខាន់ទៅលើប្រធានបទនៃសន្និសីទនេះ ឆ្លើយ តបទៅនឹងបរិបទបច្ចុប្បន្ន ដែលសកលភាវូបនីយកម្ម បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ ជាកត្តាកំណត់រូបរាងនៃ អនាគតពិភពលោក។ លោកអនុប្រធានទី២នៃរដ្ឋសភា បានលើកឡើងថាការសិក្សាអំពី អរិយធម៌ចិន ភាព ជោគជ័យក្នុងការធ្វើទំនើបកម្មសង្គមចិន និងគំនិតផ្តួចផ្តើមនានារបស់ចិន គឺពិតជាមានសារៈសំខាន់ ក្នុងការ ធ្វើឱ្យសម្រេចបាននូវសុខដុមនីយកម្មក្នុងតំបន់ និងសកលលោក។

ថ្លែងទៅកាន់អង្គសន្និសីទ លោក វង សូត បានផ្តល់នូវអនុសាសន៍មួយចំនួនដើម្បីឈានទៅ សម្រេចបាន ទំនើបភាវូបនីយកម្មពិភពលោក និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ដូចជា ៖
១) ជំរុញកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវ និងស្ថាប័នស្រាវជ្រាវក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បី ចែករំលែកចំណេះដឹងរវាងគ្នា ។
២) ជំរុញការផ្លាស់ប្តូរវប្បធម៌ និងគោលការណ៍សន្តិសហវិជ្ជមានដែលជាតម្លៃមិន អាចខ្វះបានក្នុងការដោះស្រាយជម្លោះ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ។
៣)គាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ប្រកបដោយចីរភាពនានា ដោយជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការធ្វើឱ្យទំនើបកម្មពិភពលោក ស្របតាមនិរន្តរភាពនៃបរិស្ថាន និងវិបុលភាព សកល ។
៤)លើកកម្ពស់នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ច ដោយសិក្សាពីគំរូជោគជ័យរបស់ប្រទេសចិន ឈាន ទៅធានាបាននូវបរិយាបន្ននៃទំនើបភាវូបនីយកម្ម ដែលផ្តល់ប្រយោជន៍រួម ។
និង ៥) រួមដៃគ្នាកសាងសហគមន៍ វាសនារួមសម្រាប់មនុស្សជាតិដែលជាគោលការណ៍គោរពគ្នាទៅវិញទៅមក ការរក្សាផលប្រយោជន៍រួម ការ អភិវឌ្ឍរួមគ្នា ដើម្បីធានាបាននូវបរិយាបន្ន និងនិរន្តរភាព នៃទំនើបភាវូបនីយកម្មសកល។
ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនេះ លោក វង សូត ក៏បានជួបពិភាក្សាការងារជាមួយ លោក ចូ ជូអី (Zhou Zuyi) លេខាធិការបក្សកុម្មុយនីស្តចិនខេត្តហ្វូជាន និងជាប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សភាប្រជាជនចិនខេត្តហ្វូជាន លោក ជី ពីស៊ាន (Ji Bingxuan) អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍សភាប្រជាជនចិនអាណត្តិទី១៣ ណត្តិទី១៣ និងជាប្រធានសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ លោក លីវ ជានឆាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនី និងលោក យ៉ាង គូហាវ (Yang Guohao) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជននៃក្រុងសៀមិន (Xiamen)។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រពៃណីដ៏យូរលង់ណាស់មកហើយរវាងប្រទេស ទាំងពីរ កម្ពុជា-ចិន ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ ភាគីទាំងពីរបានវាយតម្លៃ ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងរួមគ្នាកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងកំពុង អនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រទៀតផង។

លោក វង សូត អនុប្រធានទី២រដ្ឋសភា បានស្នើដល់ភាគីចិន ជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគ ខេត្តហ្វូជាន ទៅទស្សនានិងបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត។ ជាការឆ្លើយតប ភាគីចិនបានឯកភាព ក្នុងការជួយលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសជួយជំរុញអ្នកទេសចរ ព្រមទាំងអ្នកវិនិយោគ ចិនខេត្តហ្វូជាន ទៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ក្នុងអំឡុងពេលនេះ លោក វង សូត និងគណៈប្រតិភូក៏បានអញ្ជើញធ្វើទស្សនកិច្ចនៅតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រ និងវប្បធម៌សំខាន់ៗមួយចំនួន ដូចជា សហគមន៍អភិវឌ្ឍន៍ Cangxia, តំបន់ស្ថាបត្យកម្ម និងសំណង់ បុរាណ Three lanes and Seven Alleys, តំបន់ភ្នំ Wuyi, សិប្បកម្មផលិតតែបែបប្រពៃណីចិន និងកំពង់ផែអន្តរជាតិ ក្រុង Xiamen ដែលជាប់ចំណាត់ថ្នាក់ទាំង១០នៅលើពិភពលោក និងជាកំពង់ផែវៃឆ្លាត ប្រកបដោយប្រព័ន្ធ អេកូឡូស៊ី ដែលតំបន់ទាំងនេះត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print