ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ពិធីធ្វើឡើង ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានលើកឡើងថា វគ្គបណ្តុះបណ្តាល ការងារអត្រានុកូលដ្ឋាន ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម” ជូន មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នាឱកាសដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញឲ្យបានឃើញកាន់តែច្បាស់ពីឆន្ទៈនៃការសហការ និងការយកចិត្តទុកដាក់ របស់ក្រុមការងារក្នុងការគាំទ្រការអនុវត្តច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។
លោកស្រីបានបន្តថា រដ្ឋបាលខេត្តកណ្តាល បានរៀបចំគ្គបណ្តុះបណ្តាលការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយឱ្យបានយល់ដឹង កាន់តែទូលំទូលាយ នូវខ្លឹមសារនៃច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។ ការរៀបចំសិក្ខាសាលានេះគឺ ដើម្បីអោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ តាមរយៈមន្ត្រីប្រតិបត្តិករ ដែលបានអនុវត្តការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នាពេលកន្លងមក និងជាធាតុចូល និងដាក់ចេញនូវវិធានការដោះស្រាយ ព្រមទាំងកំណត់នូវយន្តការ ឬតម្រូវការចាំបាច់នានា បន្ថែមទៀត សម្រាប់ធានាដល់ការរៀបចំលិខិតបទដ្ឋានគតិយុត្ត ក្រោមច្បាប់នេះ។
លោកស្រី បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ និងខ្លឹមសារ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ព្រមទាំងទិសដៅជាអាទិភាព ដើម្បី ធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ស្របតាមតួនាទីភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ។
លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មបាន ចូលជាធរមានកាលពីខែកក្កដា ឆ្នាំ២០២៤ ច្បាប់នេះមានគោលបំណងមិនត្រឹមតែកំណត់អំពីបែបបទ និងនីតិវិធី នៃការអនុវត្តការងារអត្រានុកូលដ្ឋាន ដែលមានភាពសាមញ្ញ ងាយស្រួល និងបត់បែនទៅតាមបរិបទនៃសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើទំនើបកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលជានវានុវត្តថ្មីលើការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្តូរពីការចុះបញ្ជីដោយដៃ ទៅជាការចុះបញ្ជីដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។
លោក បានបញ្ជាក់ទៀតថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីនឹងបានយល់ច្បាស់អំពីទម្រង់ បែបបទ និងនីតិវិធីនៃការកត់ត្រាការងារអត្រានុកូលដ្ឋាន ឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដើម្បីធានាបានប្រជាពលរដ្ឋគ្រប់រូប មានឯកសារអត្រានុកូលដ្ឋាន ស្របតាមគោលបំណងនៃច្បាប់ថ្មី ដែលបានបញ្ញត្តិថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវា គ្រប់ប្រភេទ និងជាមូលដ្ឋានសម្រាប់រៀបចំផែនការអភិវឌ្ឍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ក្នុងឱកាសដ៏មានសារសំខាន់ នៃវគ្គបណ្តុះបណ្តាលនេះ គណៈអធិបតីបានសំណូមពរដល់សិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះ យកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់នូវខ្លឹមសារនៃបទបង្ហាញ ដែលមានជាបន្តបន្ទាប់ឱ្យបានម៉ត់ចត់ ច្បាស់លាស់ និងលើកជាមតិយោបល់ ឬសំណួរ ដើម្បីមានមូលដ្ឋានយកទៅអនុវត្តឱ្យបានល្អប្រសើរ ក្នុងការផ្តល់សេវាសាធារណៈ ដ៏មានសារៈសំខាន់នេះជូនប្រជាពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបាន សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មគ្រប់ប្រភេទ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងមានគណនេយ្យភាព សំដៅចូលរួមចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចល្អ ពង្រឹងរដ្ឋបាលសាធារណៈ និងលើកកម្ពស់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយហានិភ័យសង្គម ការលើកកម្ពស់ យុត្តិធម៌ សមធម៌សង្គម សំដៅរួមចំណែករក្សាបាននូវសន្តិភាព សន្តិសុខជាតិ ស្ថិរភាពនយោបាយ និងសុវត្ថិភាព សង្គម៕