ជនត្រូវចោទម្នាក់ដែល ជាឧក្រិដ្ឋជន ត្រូវជនសង្ស័យជាបក្ខពួក មករំដោះចេញ ពីពន្ធនាគារខេត្តស្វាយរៀងដោយសុវត្ថិភាព នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនត្រូវចោទម្នាក់ដែល ជាឧក្រិដ្ឋជន ត្រូវជនសង្ស័យជាបក្ខពួក មករំដោះចេញពីពន្ធនាគារខេត្តស្វាយរៀងទាំងកណ្តាលថ្ងៃ ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង ២៥នាទីរសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៤ នៅខាងមុខពន្ធនាគារខេត្តស្វាយរៀងស្ថិតភូមិស្រះវង់សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយមកកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងសហការជាមួយកម្លាំងនគបាលនៃអធិការដ្ឋាននគបាលក្រុងស្វាយរៀង និងនគបាលពន្ធនាគារខេត្តបានចុះស្រាវជ្រាវ រកបក្ខពួក រហូតដល់វេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី២៨តុលា បានកំណត់ទីតាំងមុខសញ្ញាស្នាក់នៅ សមត្ថកិច្ចបានដឹកនាំកម្លាំធ្វើការឡោមពទ្ធ័ ផ្ទះសំណាក់ ចំនួន២ ទី១ ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ទី២ ពទ្ធ័ផ្ទះសំណាក់ សុខហេង។

ប្រភពបន្តថា នៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី២៨ខែតុលា សមត្ថកិច្ចបានចូលពិនិត្យផ្ទះសំណាក់ សុខហេង  ជាលទ្ធផល បានឃាត់ខ្លួន ជនជាតិវៀតណាមចំនួន០៣នាក់ស្រី២នាក់ប្រុសម្នាក់ យកទៅសាកសួរនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនជាតិវៀតណាមទាំង០៣នាក់ នេះបានមកជួលបន្ទប់ផ្ទះសំណាក់សុខហេង នៅភូមិស្រះវង់ ចំនួនកន្លះខែមកហើយ និងបានយកបាយម្ហូបឲ្យជនសង្ស័យ នៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ដែលលោកចៅក្រមសាកសួរនៅសាលាដំបូងខេត្តស្វាយរៀងបានចេញដីការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ជាងកន្លះខែមកហើយ។

ចំណែកជនជាតិវៀតណាមចំនួន០២នាក់ ស្រីម្នាក់ បានទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ ស្នាក់នៅចំនួន១អាទិត្យមកហើយ សមត្ថកិច្ចដាក់ការ សង្ស័យថា ជា ជនសង្ស័យទៅរំដោះ ជនត្រូវចោទ ជាឧក្រិដ្ឋជន ជនជាតិវៀតណាម ម្នាក់ ដែលត្រូវលោកចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារខេត្តស្វាយរៀង ពីបទ និងរក្សាទុកអាវុធ គ្រាប់រំសេវដោយខុសច្បាប់ ដែលប្រព្រឹត្តនៅក្រុងបាវិត ហើយស្រ្តីជនជាតិវៀតណាមម្នាក់ដែលស្នាក់នៅជាមួយជនសង្ស័យខាងលើ គឺជា ប្រពន្ធ ជនដែលត្រូវចោទ ដែលជាប់ក្នុងពន្ធនាគារ ខេត្តត្រូវជនសង្ស័យម្នាក់ជាបក្ខពួក ទៅរំដោះចេញពីពន្ធនាគារឡើងជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ទាក់ទិនករណីនេះដែរ មន្ត្រីអនុរក្សពន្ធនាគារខេត្តស្វាយរៀងម្នាក់ បានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងថា មុនដំបូងមានជនជាតិវៀតណាមម្នាក់ភេទប្រុស បានមកសុំមន្ត្រីនគបាលយាមពន្ធនាគារ សុំជួបសួរសុខទុក្ខ ជនខាងលើ ម្នាក់ជាជនជាតិវៀតណាមជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀង មន្ត្រីយាមពន្ធនាគារ បាននាំជនសង្ស័យ ពីក្នុងពន្ធនាគារ នៅទ្វារពន្ធនាគារខាងមុខ ខណៈដែលជនសង្ស័យដើរដល់មាត់ទ្វា ខាងមុខស្រាប់តែមានជនសង្ស័យម្នាក់បានដកអាវុធខ្លីភ្ជង់មន្ត្រីពន្ធនាគារ ហើយពេលនោះជនសង្ស័យបានកញ្ឆក់យកអាវុធខ្លី ពីជនមករំដោះនោះ រួចកេះកៃកាំភ្លើងបាញ់ទៅលើមន្ត្រីពន្ធនាគារ សំណាងល្អ អត់ផ្ទុះ បើផ្ទុះមិនដឹងថា វាសនាយ៉ាងណានោះទេ ខណៈនោះជនសង្ស័យទាំងពីបានឡើងជិះម៉ូតូចេញទៅ ត្រូវបានមន្ត្រី ពន្ធនាគារម្នាក់ថ្នាក់វរសេនីយ៍ បានរត់ដេញតាមម៉ូតូជនសង្ស័យទាន់ ហើយក៏មានមន្ត្រីនគបាលម្នាក់ស្រែកថា វាមានកាំភ្លើង ប្រយ័ត្ន ខណៈនោះមន្ត្រីនគបាលរូបនោះភ័យក៏ឱនក្រាបទៅលើដី ជាឱកាសជនសង្ស័យបានបើកម៉ូតូឌុបគ្នាគេចខ្លួនបាត់ដោយសុវត្ថិភាព ។

បើតាមសមត្ថកិច្ចបានមើលរូបតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យជិះម៉ូតូ ពណ៌ស ជាម៉ូតូ ផលិតនៅប្រទេសវៀតណាម។

បើតាមម្ចាស់ផ្ទះសំណាក់សុខហេងបានឲ្យដឹងថា មានជនជាតិវៀតណាម ០៥នាក់ស្រី០៣នាក់ បានមកជួលបន្ទប់ស្នាក់នៅ ចំនួន០៣បន្ទប់រយៈពេលកន្លះខែមកហើយគឺតាំងបុណ្យឆ្លង បុណ្យភ្ជំបិណ្ឌរួច ហើយឃើញដាំបាយធ្វើម្ហូប សម្រាប់មនុស្ស៨-៩នាក់យកទៅឲ្យអ្នកជាប់ឃុំនៅពន្ធនាគារខេត្តស្វាយរៀងរាល់ថ្ងៃ ។

ហើយចំពោះជនជាតិវៀតណាមស្រីប្រុស០២នាក់មកស្នាក់នៅបាន១អាទិត្យ ក៏ បានចេញទៅជួលផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភស្នាក់នៅ  ដោយនិយាយថា ផ្ទះសំណាក់សុខហេង ថ្លៃ។

ចំណែកម្ចាស់ផ្ទះសំណាក់ចំរើនសុវណ្ណវត្តីមានលាភ បានប្រាប់អ្នកសារព័ត៌មានយើងនារសៀលថ្ងៃទី២៩តុលានេះថា នេះជាការសោកស្តាយ ដែលមានភ្ញៀវបរទេស(ជនជាតិវៀតណាមមកស្នាក់នៅរយៈពេល០៧ថ្ងៃ) ហើយប្អូនគាត់មិនបានថតប៉ាស្ព័រភ្ញៀវជនជាតិវៀតណាមទាំងពីរនាក់ទុក ដោយកន្លងមកផ្ទះសំណាក់របស់គាត់ពុំមានភ្ញៀវចូលស្នាក់នៅច្រើនទេគឺមានតែភ្ញៀវប្រចាំមកដាក់ទំនិញ រាល់ថ្ងៃមកសម្រាក និងមានកូនសិស្សមកគេងទើបច្រឡោះប្រហោងមិនបានថតប៉ាស្ព័រ ទុក នេះជាមេរៀនសម្រាប់លើកក្រោយៗទៀត។

ទាក់ទិនករណីនេះដែរ លោកប្រធានពន្ធនាគារខេត្តស្វាយរៀង នគរវត្ត
មិនអាចរកការបំភ្លឺបានទេ នារសៀលថ្ងៃទី៣០ ខែតុលាឆ្នាំ ២០២៤នេះ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print