ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញបន្ថែមដល់ការចុះឈ្មោះជនមានពិការភាព ជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដែលមិនទាន់ចុះឈ្មោះចូល «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ»។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា , ខ្ញុំសូមជម្រាប លោក លោកស្រី អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចាប់អនុវត្តជាផ្លូវការនៅខែមេសា ឆ្នាំ២០២៤ ដែលគិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកទទួលផល ដែលជាជនមានពិការភាពបានចុះឈ្មោះ ចូលកម្មវិធី សរុបចំនួន ២៣.៧៦២នាក់ ដែលទិន្នន័យនេះធៀបនឹងទិន្នន័យជាក់ស្តែងសម្រាប់ជនមានពិការភាព ដែលជាសមាជិកក្នុងគ្រួសារមានបណ្ណសមធម៌នៅមានចំនួនទាបនៅឡើយ។ ហេតុនេះ ក្រសួងមហាផ្ទៃស្នើ លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យសហការ ជាមួយមូលនិធិជាតិជំនួយសង្គមដែលនឹងផ្តល់បញ្ជីឈ្មោះជនមានពិការភាព តាមរយៈសាខាមូលនិធិជាតិ ជំនួយសង្គមរាជធានី ខេត្ត ទៅរដ្ឋបាលឃុំ សង្កាត់ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបណ្ណសមធម៌ ដែលមានសមាជិកជាជនមានពិការភាព ក្នុងការចុះឈ្មោះចូលកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារឱ្យបាន គ្រប់ៗគ្នា ចៀសវាងនូវការបាត់បង់អត្ថប្រយោជន៍របស់អ្នកទទួលផលពីកម្មវិធីនេះ។
អាស្រ័យហេតុនេះ សូម លោក លោកស្រីអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាប និង ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា