ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាមភ្លាមៗយ៉ាងអានោចអាធ័មនៅកន្លែងកើតហេតុ បន្ទាប់ពីរូបគេបានជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុក និងរថយន្តកុងតឺន័រពីក្រោយ ខណៈរថយន្តកំពុងឈប់ស្តុប ហើយរថយន្តបានរត់បាត់ពីកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់នេះកើតឡើតនៅវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្តុបកែង ផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះសៀ ចាន់ណា អាយុជាង២៨ឆ្នាំមានទីលំនៅ ក្នុងបុរីពិភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ រីឯម៉ូតូរបស់ជនរងគ្រោះ ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BW-7673 ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង បោះពួយល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកនឹងរថយន្តកុងតឺន័រមួយគ្រឿងបើកស្របទិស ខណៈឈប់រងចាំស្តុប បណ្តាលឲ្យបោកខ្ទប់នឹងរថយន្តបណ្តាលឲ្យស្លាប់នៅកន្លែងគួរឲ្យរន្ធត់ ។ ភ្លាមៗខាងរថយន្តមិនបានឈប់ឡើយដោយបន្តដំណើរទៅមុខបាត់បន្សល់ទុកជនរងគ្រោះនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុនគរបាលមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានស្រាវជ្រាវរកលេខទូរស័ព្ទទាក់ទៅសាច់ញាតិសពរងគ្រោះដើម្បីឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សុខាសែនជ័យ
...