ស៊ីបស៊ី ណាប៉ាន់ គ្រោងនឹងដឹកនាំនិស្សិតចិនមួយក្រុមមកផលិតភាពយន្តនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ បងប្រុសរបស់បុស្បា ប៉ាន់ គឺលោក ស៊ីបស៊ី ណាប៉ាន់ ដែលនឹងបញ្ចប់ការសិក្សាលើជំនាញផលិតខ្សែភាពយន្តនោះ គ្រោងនឹងធ្វើដំណើរមកកាន់កម្ពុជាជាថ្មីជាមួយនឹងនិស្សិតមួយក្រុមប្រយោជន៍រៀបចំការផលិតខ្សែភាពយន្តមួយដើម្បីជានិក្ខេបបទបញ្ចប់ការសិក្សារបស់ពួកគេ។ ខ្សែភាពយន្តនេះក៏នឹងគ្រោងដាក់ចូលរួមការប្រកួតប្រជែងជាមួយស្នាដៃនិស្សិតជាច្រើនទៀតនៅរាជធានីប៉េកាំង។

ស៊ីបស៊ី ណាប៉ាន់ ធ្លាប់បានបង្ហាញសមត្ថភាពសិល្បៈរាំល្ខោនខោល រួមទាំងក្បាច់រាំបែបសហសម័យក្នុងកម្មវិធីប្រគុំតន្ត្រីលើទឹកដីអង្គរកាលពីឆ្នាំ២០១១។ ការបាត់មុខជាច្រើនឆ្នាំកន្លងមកព្រោះតែយុវជនរូបនេះបានបន្តការសិក្សាលើជំនាញផ្នែកផលិតខ្សែភាពយន្តនៅសាកលវិទ្យាល័យ National Academy of China Theatre Arts នារដ្ឋធានីប៉េកាំងប្រទេសចិន។

ក្នុងជំនួបផ្ទាល់នាឱកាសធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយុវជនរូបនេះបញ្ជាក់ថា លោកបានធ្វើដំណើរមកកាន់ទឹកដីកំណើតរយៈពេលជិតមួយខែមកហើយ។ លោកថា ដំណើរមកកាន់កម្ពុជានេះគឺដើម្បីជួបជាមួយប្អូនស្រីគឺកញ្ញា បុស្បា ប៉ាន់ ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិកដើម្បីប្រគុំតន្ត្រីសប្បុរសធម៌មួយនាខេត្តសៀមរាប។ ក្រៅពីជួបប្អូនស្រីលោកក៏បានមកស្វែងយល់ និងរកឱកាសដើម្បីធ្វើការដឹកនាំការផលិតខ្សែភាពយន្តខ្នាតខ្លីមួយដើម្បីធ្វើជានិក្ខេបបទបញ្ចប់ការសិក្សា និងដើម្បីយកទៅធ្វើការបង្ហាញនិងប្រកួតប្រជែងជាមួយនឹងនិស្សតដទៃទៀត។

លោកបន្តថា ប្រសិនបើដូចការគ្រោងនោះលោកនឹងដឹកនាំក្រុមនិស្សិតចាប់ពី៥នាក់ ឬអាចដល់២០នាក់ដែលសិក្សាលើជំនាញខ្សែភាពយន្តដើម្បីរួមគ្នាផលិតដែលនិស្សិតទាំងនោះសុទ្ធតែមានជំនាញផ្នែកផ្សេងៗពីគ្នាក្នុងការផលិតខ្សែភាពយន្ត ហើយលោកនិងក្រុមនិស្សិតទាំងនោះអាចនឹងមកនៅឆ្នាំក្រោយ។ លោកថា លោកកំពុងរៀបចំឯកសារដើម្បីស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីផលិតខ្សែភាពយន្តមួយមានឈ្មោះថា «អាម៉ុក» ដែលជាខ្សែភាពយន្តបែបបុរាណមានឈុតឆាកវាយតប់ មនោសញ្ចេតនា និងឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ពិសេសក៏មានការបង្ហាញក្បាច់គុណល្បុក្កតោរបស់ខ្មែរក្នុងនោះផងដែរ។

និស្សិតវ័យ២៥ឆ្នាំរូបនេះបញ្ជាក់ថា ការជ្រើសរើសប្រទេសកម្ពុជាដើម្បីធ្វើខ្សែភាពយន្តទៅប្រកួតប្រជែងព្រោះតែលោកចង់បង្ហាញភាពប្លែកនិងទិដ្ឋភាពដ៏ទាក់ទាញរបស់ប្រទេសកម្ពុជា។ លោកថា គម្រោងខ្សែភាពយន្តខ្លីឬវែង ហើយក្រុមនិស្សិតដែលអាចមកចំនួនតិចឬច្រើនអាស្រ័យទៅលើថវិកាដែលមាន។ លោកបញ្ជាក់ថា កន្លងមកលោកធ្លាប់បានដឹកនាំការផលិតនិងសម្តែងខ្សែភាពយន្តខ្នាតខ្លីប្រមាណជាង២០រឿងរួចមកហើយដែរ។ លោកថា ការថតខ្សែភាពយន្តលើកនេះក៏អាចនឹងវាស់ស្ទង់សមត្ថភាពដឹកនាំការសម្តែងរបស់លោកផងដែរថា តើវាអាចឈានដល់កម្រិតណា មុនពេលលោកចាប់ផ្តើមប្រឡូកផ្ទាល់ក្នុងអាជីពនេះនៅពេលបញ្ចប់ការសិក្សា។

ទោះជាយ៉ាងណាលោកនៅមិនទាន់ប្រាកដនៅឡើយទេថា ក្រោយបញ្ចប់ការសិក្សាថ្នាកដឹកនាំការផលិតខ្សែភាពយន្តភ្លាមលោកនឹងវិលមកកម្ពុជាដើម្បីបើកសាលា ឬក្រុមការងារផលិតកុនខ្លួនឯងឬយ៉ាងណាដែលលោកចង់សិក្សាលើទីផ្សារជាមុនសិន។ លោកបញ្ជាក់ថា នៅប្រទេសចិនលោកកំពុងតែសិក្សាឲ្យកាន់តែលម្អិតអំពីការផលិតកុនឲ្យមានគុណភាពខ្ពស់មួយពិសេសលោកបានសិក្សាលើជំនាញក្នុងការប្រើប្រាស់ប្លង់ពិសេសដូចជាការហោះដោយប្រើខ្សែពួរ បច្ចេកទេសបន្ទុះ ការដុតឲ្យឆេះដោយភ្លើងត្រជាក់ និងប្លង់សំខាន់ៗជាច្រើនទៀត។

អតីតសិស្សសាលាទួនហ្វារូបនេះបញ្ជាក់ដែរថា កាលពីថ្ងៃទី០៩ ខែសីហា នេះលោកបានសុំជំនួបមួយជាមួយនឹង លោក រិទ្ធី ប៉ាន់ ដែលជាពូដើម្បីសាកសួរសុខទុក្ខ និងដើម្បីសុំយោបល់ និងការចែករំលែកបទពិសោធពីផលិតករល្បីឈ្មោះរូបនេះផងដែរ។

គួរបញ្ជាក់ដែរថា ស៊ីបស៊ី ណាប៉ាន់ គឺជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ ដែលមានកញ្ញា បុស្បា ប៉ាន់ជាប្អូនស្រី ដែលជានិស្សិតផ្នែកនិពន្ធបទភ្លេងនៅសាកលវិទ្យាល័យមួយនាសហរដ្ឋអាមេរិក  ខណៈដែលប្អូនប្រុសពៅរបស់លោកគឺ កុមារា ប៉ាន់ ឥលូវគឺជាសិស្សថ្នាក់ចំណេះទូទៅនៅសហរដ្ឋអាមេរិកដែរ៕

1 (6) 1 (7) 1 (8) 1 (9) 1 (10) 1 (1) 1 (2) 1 (3) 1 (4) 1 (5)

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print