ភ្នំពេញ៖អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថាតំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ រឿត គឹមហុង ភេទប្រុស កើតឆ្នាំ១៩៩៩ ដែលជាអ្នកបើកបររថយន្ត ម៉ាក HYUNDAI ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចមុខផ្ទះសែនហេងលក់ទូរស័ព្ទ លើផ្លូវជាតិលេខ៥ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 3A-2736 ដោយមានកន្ទុយសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 4A-0898 បើកបរក្នុងល្បឿនលឿនទៅបុកពីក្រោយម៉ូតូចំនួន០២គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BX-7170 និងម៉ាក HONDAC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-8829។ ករណីនេះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ខន មុនី ភេទប្រុស អាយុ ២៩ឆ្នាំ និងអ្នករួមដំណើរឈ្មោះ សិន ម៉ីអីហុង ភេទស្រី អាយុ២៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្នជនត្រូវចោទជាតៃកុងរថយន្ត ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕ ដោយ រ៉ារ៉ា