បាញ់២គ្រាប់ប្លន់យកម៉ូតូពីបុរសម្នាក់ បណ្តាលឲ្យដួលសន្លប់ក្នុងថ្លុកឈាម ទុលមុខ ដេលីកាហ្វេ ក្នុងខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ ពិតជាសាហាវណាស់ក្រុមចោរមានគ្នា២នាក់បានបាញ់ជនរងគ្រោះឲ្យដួលសន្លប់នៅក្នុងថ្លុកឈាមរួចប្លន់យកម៉ូតូទៅបាត់កាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចមុខដេលីកាហ្វេ តាមផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ម៉ូតូដែលចោរបាញ់ប្លន់យកទៅនោះម៉ាកហុងដា១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ស្លាកលេខ ភ្នំពេញ ១៦៤៥ (មិនចាំអក្សរ) ។

ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ប៊ិន ថាវ៉ាត់ ភេទប្រុស ១៩ឆ្នាំ ជាបុគ្គលិកសណ្ឋាគារV ស្នាក់នៅផ្ទះជួល ម្តុំផ្លូវរថភ្លើង ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ រងរបួសចំភ្លៅឆ្វេង១គ្រាប់ និងស្មាស្តាំ១គ្រាប់ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។ រីឯភិនភាគជនសង្ស័យមិនមានសាក្សីណាបានឃើញនោះទេ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការរៀបរាប់របស់ក្រុមគ្រួសារជនរងគ្រោះប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះនិងបងប្អូនមិត្តភក្តិបានចូលហាងផឹកស៊ីនៅកោះពេជ្រតែពេលគិតលុយក៏ខ្វះលុយទើបជនរងគ្រោះបានជិះម៉ូតូចេញមកម្នាក់ឯងក្នុងបំណងមកដកលុយនៅទូATM ត្រង់កន្លែងកើតហេតុ ។ ពេលមកដល់ទូATMទើបមានជនសង្ស័យ២នាក់ជិះម៉ូតូមិនចាំម៉ាកមួយគ្រឿងមកធ្វើសកម្មភាពបាញ់ប្លន់យកម៉ូតូពីជនរងគ្រោះជិះទៅបាត់តែម្តងគឺត្រូវចំភ្លៅ១គ្រាប់ និងស្មាស្តាំមួយគ្រាប់ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំណត់មុខសញ្ញាតាមរយៈកាំមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ខណៈសមត្ថកិច្ចលួចបង្ហើបឲ្យដឹងថា ក្រុមជនសង្ស័យបានស្គាល់អត្តសញ្ញាណខ្លះៗហើយ ៕

image3 image4 image1 image2

ដោយ៖ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print