ខេត្តកំពត៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលទស្សនា និងពិនិត្យមើលទិដ្ឋភាពជាក់ស្តែងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលនឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក សំដៅចូលរួមចំណែកជំរុញវិស័យទេសចរណ៍ក្នុងស្រុក ហើយក៏នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។
សូមជម្រាបថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រចជាគោលការណ៍ រៀបចំពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង លោក លោកស្រី ថ្នាក់ដឹកនាំអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាននិងសមាជិក ព្រមទាំង លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងវិស័យឯកជនជាសមាជិក សរុបចំនួន ១៧៨នាក់ នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
លោករដ្ឋមន្ត្រី បានថ្លែងថា ពិធីបុណ្យសមុទ្ររៀបចំបាន១០លើករួចមកហើយ ដោយក្នុងនោះខេត្តកំពត បានរៀបចំ ៣ ដង គឺនៅឆ្នាំ២០១៥, ២០១៩ និង ឆ្នាំ២០២៤ នាពេលខាងមុខនេះ ក្រោមប្រធានបទ “អបអរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ” ស្របនឹងខេត្តកំពតជា «គោលដៅទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ» តួយ៉ាងការជ្រើសរើសខេត្តកំពត ដើម្បីរៀបចំពិធីបុណ្យសមុទ្រនាឆ្នាំនេះ ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងជំរុញការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិរក្សនិងអភិវឌ្ឍតំបន់ឆ្នេរ ប្រកបដោយចីរភាព ជាពិសេសការពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ទៅលើការកំណត់ទិសដៅការងារមួយចំនួន ដែលគួរយកចិត្តទុកដាក់អនុវត្តក្នុងការបំពេញការងារឱ្យបានជិតស្និទ្ធជាមួយអន្តរក្រសួង ស្ថាប័ន, អន្តរវិស័យ ត្រូវមានលក្ខណៈបុរេសកម្ម សកម្ម និងអន្តរសកម្ម រវាងគ្នានិងគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ឱ្យមានភាពប្រទាក់ក្រឡា, និងស៊ីសង្វាក់គ្នា។
លោករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជោគជ័យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះ ហើយភាពជោគជ័យ គឺជាស្នាដៃទាំងអស់គ្នា។ លោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការ៖ ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍ដើម្បីទាំងអស់គ្នា!, ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!
ដោយ៖តារា