អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នារសៀលថ្ងៃទី១ ខែវិច្ឆិកា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Sam Hou Fai ដែលទើបជាប់ឆ្នោតនិងត្រូវបានរដ្ឋាភិបាលមជ្ឈិមចិនតែងតាំងជាអភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិទី ៦ ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការអបអរសាទរជូនចំពោះលោក Sam Hou Fai ដែលត្រូវរដ្ឋាភិបាលមជ្ឈិមចិនតែងតាំងជាអភិបាលតំបន់រដ្ឋបាលពិសេសម៉ាកាវអាណត្តិទី ៦ ។ លោកបានថ្លែងថា បន្ទាប់ពីតំបន់ម៉ាកាវវិលត្រឡប់មកមាតុប្រទេសវិញអស់រយៈពេល ២៥ ឆ្នាំមក ការអនុវត្ត “ប្រទេសមួយ ប្រព័ន្ធពីរ” ប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្រោមការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលមជ្ឈិមនិងមាតុប្រទេស ព្រមនិងកិច្ចខិតខំប្រឹងប្រែងជាប់រហូតមករបស់រដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសម៉ាកាវនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម ។
គេហទំព័រ «CCFR China state-controlled media » រដ្ឋាភិបាលមជ្ឈិមនឹងបន្តប្រកាន់ខ្ជាប់ដោយមិនងាករេនូវការអនុវត្តដោយគ្រប់ជ្រុងជ្រោយយ៉ាងត្រឹមត្រូវនូវគោលនយោបាយ “ប្រទេសមួយ ប្រព័ន្ធពីរ” “អ្នកក្រុងម៉ាកាវគ្រប់គ្រងម៉ាកាវ” និងស្វ័យភាពកម្រិតខ្ពស់ ។ លោករំពឹងទុកថា លោក Sam Hou Fai នឹងខិតខំប្រឹងប្រែងយ៉ាងក្លាហាន ដើម្បីបំពេញបេសកកម្មរបស់ខ្លួនឱ្យទទួលបានជោគជ័យ ដោយដឹកនាំរដ្ឋបាលនៃតំបន់ម៉ាកាវអាណត្តិថ្មីនិងរួមសាមគ្គីជាមួយគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដើម្បីត្រួសត្រាយស្ថានការណ៍ថ្មីក្នុងការអនុវត្ត “ប្រទេសមួយ ប្រព័ន្ធពីរ” ដែលមានលក្ខណៈពិសេសម៉ាកាវ ក៏ដូចជារួមចំណែកកាន់តែច្រើនក្នុងការកសាងប្រទេសចិនដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ៕
ដោយ ៖ សិលា