សារព័ត៌មាន AFP បានផ្សាយថា មនុស្សជិត ២០០ ០០០នាក់នៅភាគខាងលិចនៃប្រទេសជប៉ុន ត្រូវបានជំរុញឱ្យជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព នៅថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកានេះ ខណៈអាជ្ញាធរបានព្រមានពី គ្រោះរអិលបាក់ដី និងទឹកជំនន់ បង្កឡើងដោយចំហាយសេសសល់នៃព្យុះត្រូពិកមួយ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានថាកម្ដៅលាយឡំជាមួយសំណើម…បាន និងកំពុងបង្កឱ្យភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយផ្គររន្ទះនៅភាគខាងលិចប្រទេសជប៉ុន មានមួយផ្នែកដោយសារតែ ឥទ្ធិពលព្យុះកង្រី (Kong-rey) ដែលបានថមថយពីព្យុះទីហ្វុងមកជាប្រព័ន្ធសម្ពាធទាប។ មន្ត្រីម្នាក់ក្នុងទីក្រុង Matsuyama បានប្រាប់ AFP ថាទីក្រុង Matsuyama បានចេញការប្រកាស អាសន្នកម្រិតកំពូល ជាមួយការជំរុញឱ្យមនុស្ស ១៨៩ ៥៥២នាក់នៅក្នុងស្រុកចំនួន១០ ជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់។
ខណៈការជម្លៀសខ្លួនមិនមែនជាបទបញ្ជា កម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ជប៉ុន ជាធម្មតាត្រូវបានប្រកាសនៅពេលដែលមើលឃើញថាគ្រោះមហន្តរាយមួយចំនួនបាន និងកំពុងកើតឡើង រួចទៅហើយ។ អាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាគ្រោះរអិលបាក់ដី និងទឹកជំនន់អាចនឹងកើតឡើងនៅភាគខាងលិចប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ និងនៅភាគខាងកើតប្រទេស នៅថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា៕
រូបថត: docnhanh