សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ មន្ដ្រីក្រសួងមហាផ្ទៃ និងបុគ្គលិកស្ថានទូតកម្ពុជា ប្រចាំកូរ៉េ បានសម្របសម្រួលផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរ កំពុងស្នាក់នៅកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ បានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ កំពុងស្នាក់នៅ និងធ្វើការនៅកូរ៉េ រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការ។

តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលការផ្តល់សេវាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ រហូតឈានសម្រេចបាននូវការបិទបញ្ចប់ដំណើរការ នៃការផ្តល់សេវាដោយជោគជ័យគួរជាទីមោទនៈ ហើយដែលពិតជាបានជួយសម្រួលដល់ការលំបាក និងកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ និងពលករយើងនៅក្នុងប្រទេសកូរ៉េបានយ៉ាងច្រើន»។

សម្ដេចធិបតី បន្ដថា គិតចាប់តាំងពីពេលបើកដំណើរការ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦.២៥២ ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤.៩៧១ នាក់ ។

ជាមួយគ្នានេះផងដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយសាទរចំពោះទំនុកចិត្ត និងភាពកក់ក្តៅ របស់ប្រជាពលរដ្ឋ និងពលករខ្មែររស់នៅក្នុងប្រទេសកូរ៉េ ដែលបានមកទទួលសេវាផ្តល់លិខិតឆ្លងដែននេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print