ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃចន្ទទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសាននៅតែបន្តមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោម នៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ខ្យល់បក់មក ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៤,៥ ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី៥០%។
២-តំបន់ខ្ពង់រាប៖
សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មក ពីទិសឦសាន និងបូព៌មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសឦសាន និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២ម៉ែត្រ៕ដោយ៖តារា