ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែវិច្ឆកា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានស្រាវជ្រាវឃាត់ខ្លួនបានយុវជនម្នាក់ដែលបានប្រើអំពើហិង្សា យកខ្សែក្រវ៉ាត់និងកាំបិតបុ័ងតោ វាយ និងកាប់ទៅលើបុរសម្នាក់បណ្តាលឲ្យរងរបួសនិងកាប់ បំផ្លាញម៉ូតូជនរងគ្រោះ ខណៈមានការប៉ះពាក្យសំដីគ្នាបង្កជាជម្លោះ នៅចំណុចភូមិទី១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកកាលពីវេលាម៉ោងប្រមាណ១២និង២០នាទីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សានអាយុ៣១ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន រស់នៅផ្ទះលេខ១០ជាន់ទី៦ អគារទី២ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានឃាត់ខ្លួននៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕