សប្តាហ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានានៅចិន, អ្នកវិភាគថា វត្តមានរបស់សម្តេចធិបតី ឆ្លុះបញ្ចាំងពីផលប្រយោជន៍លក្ខណៈពហុភាគី និង ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនានា នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍ កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍»។

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី ១០ ក្រោមមូលបទ «ឆ្ពោះទៅកាន់ការតភ្ជាប់ដោយរលូនសម្រាប់សមាហរណកម្មអនុតំបន់មេគង្គ» និងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើក១១ ក្រោមមូលបទ «មិត្តភាព និងសាមគ្គីភាព សម្រាប់សហគមន៍ប្រកបដោយភាពធន់ និងវិបុលភាព» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ។

អញ្ជើញអមដំណើរសម្តេចធិបតី រួមមាន ៖ លោក ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំកំពូលទាំងនេះ នឹងពិនិត្យលើសមិទ្ធិផលដែលសម្រេចបាន និងកំណត់ទិសដៅ អនាគត សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញបន្ថែមនូវទំនុកចិត្តទៅវិញទៅមក ក៏ដូចជា ពង្រឹងភាពជាដៃគូក្នុងចំណោមបណ្តាប្រទេសសមាជិក ដែលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ ព្រមទាំងបង្ហាញផងដែរអំពីសារៈសំខាន់ នៃសន្តិភាពប្រកបដោយនិរន្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង ក៏ដូចជាការរួមរស់ដោយ សន្តិសហវិជ្ជមាន ក្នុងចំណោមប្រទេសសមាជិក។

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី៤ ខែវិច្ឆិកាថា វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមនេះ ឆ្លុះបញ្ជាំងពីទិដ្ឋភាពប្រយោជន៍ជាលក្ខណៈពហុភាគីផង និង ផ្តល់ប្រយោជន៍ ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន ដែលអាចនឹងបន្ថែមការជឿទុកចិត្ត និងពង្រឹងភាពជាដៃគូ កាន់តែល្អប្រសើរបន្ថែម និងកាន់តែរឹងមាំ។

«សម្រាប់ផលប្រយោជន៍ក្នុងទំនាក់ទំនង រវាងកម្ពុជា ក្នុងលក្ខណៈទ្វេភាគី យើងមានជំនឿថា នឹងជំរុញបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការ គម្រោងជាក់ស្តែង ដែលអាចទទួលបានពីការអញ្ជើញចូលរួមរបស់សម្តេចនាយករដ្ឋមន្ត្រី អាចបន្ថែមនូវជំនឿទុកចិត្តគ្នាទៅវីញទៅមក ក៏ដូចជា ការពង្រឹងភាពជាដៃគូរវាងកម្ពុជានិងចិន ក៏ដូចជា កម្ពុជាជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីរួមចំណែក ក្នុងការអនុវត្តគម្រោងជួយដល់សង្គម សេដ្ឋកិច្ច ក៏ដូចជា លើកកម្ពស់នូវសុខមាលភាពរបស់ប្រជាជនកម្ពុជា ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោងដែលកំពុងមានការរៀបចំនេះ»។

បើតាមក្រសួងការបរទេសក្នុងអំឡុងពេលស្នាក់ នៅក្នុងទីក្រុងគុនមិញ សម្តេចធិបតី នាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបទ្វេភាគី ជាមួយថ្នាក់ដឹកនាំ និងធុរជនបរទេសផងដែរ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print