អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បំភ្លឺក្រោយមានការចោទប្រកាន់ថា សមត្ថកិច្ចធ្វើទារុណកម្មដើម្បីយកចម្លើយជនល្មើស, ជនល្មើសជាក្រុមដែលធ្លាប់ធ្វើសកម្មលួចម៉ូតូសរុប១៣លើក

ចែករំលែក៖

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីបំភ្លឺក្រោយមានការចោទប្រកាន់ថា សមត្ថកិច្ចបានធ្វើទារុណកម្មដើម្បីយកចម្លើយ និងបង្ខំជនល្មើសឲ្យផ្ដិតមេដៃលើសំណុំរឿង។

ក្នុងសេចក្ដីបំភ្លឺព័ត៌មាននោះ អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានអះអាងថា ក្រុមជនល្មើសធ្លាប់ធ្វើសកម្មភាពលួចម៉ូតូជាមួយគ្នានៅក្នុងស្រុកស្វាយជ្រំ ចំនួន១៣លើក សរុបបានម៉ូតូចំនួន១៥គ្រឿង កង់អាគុយចំនួន០១គ្រឿង គឺនៅឃុំគោកព្រីង ០៣លើក, ឃុំឈើទាល ០៣លើក, ឃុំស្វាយធំ ០១លើក, ឃុំក្រោលគោ ០៦លើក។

អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សូមបដិសេធទាំងស្រុង ចំពោះខ្លឹមសារកិច្ចសម្ភាសរបស់ឈ្មោះ គឹម អឿន តាមរយៈការផ្សាយសារព័ត៌មាន ដែលបានចោទប្រកាន់មកសមត្ថកិច្ចថា បានធ្វើទារុណកម្ម ដើម្បីយកចម្លើយ និងបង្ខំឲ្យផ្តិតមេដៃលើឯកសារសំណុំរឿង គឺមិនមែនការពិតនោះទេ ដោយជនសង្ស័យខាងលើ បានឆ្លើយសារភាពដោយខ្លួនឯង និងមានចម្លើយសារភាពរៀងៗខ្លួនមានភាពស៊ីសង្វាក់គ្នា។
ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុក សូមអំពាវនាវដល់គ្រប់អង្គភាពសារព័ត៌មាន សូមធ្វើការផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវៈ និងទទួលព័ត៌មានពីគ្រប់ភាគីឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងការផ្សាយព័ត៌មានមិនពិតណាមួយជាហេតុដែល ធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ និងការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ច៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print