ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនឹងបញ្ជូនខ្លួន ជនសង្ស័យជាក្មេងឈាមរាវដែលយកកាំបិតកាប់ជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ដោយសារជនរងគ្រោះសុំផ្លូវជិះម៉ូតូ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីប្រគល់ឱ្យតំណាងអយ្យការបើកការស៊ើបសួរ និងចាត់ការតាមផ្លូវច្បាប់។
សូមរំលឹកថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចែកចាយវីដេអូ កាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាព មិនចេះយោគយល់គ្នារវាងជនសង្ស័យ នឹងជនរងគ្រោះ ដោយសារមានរថយន្តប្រមូលសំរាមមកប្រមូលត្រង់ចំណុចជនសង្ស័យចតម៉ូតូហើយកំពុងចុចទូរស័ព្ទ ពេលនោះជនរងគ្រោះក៏ជិះម៉ូតូឌុបស្ត្រីម្នាក់ ដោយស្ទះឡានដឹកសំរាម ម៉ូតូជនរងគ្រោះក៏ជិះមកផ្លូវម្ខាងទៀតដើម្បីសុំផ្លូវម៉ូតូរបស់ជនសង្ស័យធ្វើសំណើទៅមុខទៀត តែជនសង្ស័យមិនព្រមជៀស ហើយក៏មិនខ្វល់ រហូតបង្កជាពាក្យសម្តី រួចហើយជនសង្ស័យក៏បានធាក់ម៉ូតូជនរងគ្រោះ រហូតបង្កជាករណីអំពើហិង្សា ដោយជនសង្ស័យយកខ្សែក្រវាត់វាយទៅលើជនរងគ្រោះ រួចជនរងគ្រោះក៏បានតដៃទៅវិញទៅមក ពេលនោះជនសង្ស័យក៏បានដកកាំបិតបុ័ងតោចេញពីក្នុងកាបូប រួចកាប់ទៅលើបុរសរងគ្រោះ បណ្តាលឱ្យរងរបួសដៃនិងចុងដង្ហើម ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកជនសង្ស័យជាក្មេងឈាមរាវ បានយកកាំបិតទៅកាប់ចិញ្ជ្រាំម៉ូតូជនរងគ្រោះជាច្រើនកាំបិតរួចជិះម៉ូតូគេចខ្លួនបាត់តែម្តង។ រហូតនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចផ្ទះជនសង្ស័យ ក្នុងបុរីកីឡា សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាក្មេងឈាមរាវនេះ មានឈ្មោះថា សេន អាយុ២០ឆ្នាំជាង ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពីបទ អំពើហិង្សា កាប់ចាក់បែបនេះ៕ ដោយ រ៉ារ៉ា