Wilson រកបាន២គ្រាប់ចុងម៉ោងជួយ Fulham ឡើងឈរលេខ៩នៅ Premier League

ចែករំលែក៖

កីឡាករបម្រុង Harry Wilson បានធ្វើឱ្យ Brentford ស្រឡាំងកាំងជាមួយនឹងការស៊ុតបាល់បញ្ចូលទីចំនួន២គ្រាប់ក្នុងម៉ោងបន្ថែម៩០បូក ខណៈដែលក្រុមម្ចាស់ផ្ទះ Fulham រកបានជ័យជម្នះក្នុងការប្រកួតសប្តាហ៍ទី១០ ឡើងឈរលេខ៩នៅ Premeir League ក្រោយដណ្តើមបាន៣ពិន្ទុនៅឯកីឡដ្ឋាន Craven Cottage ក្នុងលទ្ធផល ២ទល់១។

កីឡាករ Vitaly Janelt របស់ក្រុមភ្ញៀវ Brentford រកបានគ្រាប់បាល់បើកឆាកដ៏ល្អឥតខ្ចោះ ដែលសក្តិសមក្នុងការឈ្នះការប្រកួតណាមួយ ដោយការស៊ុតបាល់ពីចម្ងាយក្នុងតង់ទីមួយ នាទីទី២៤។

ប៉ុន្តែ Wilson ដែលបានប្តូរចូលបានមកដល់នៅសល់៨នាទីទៀតចប់ការប្រកួត បានទាត់បាល់បញ្ចូលទី២គ្រាប់ផុតដៃអ្នកចាំទី Mark Flekken ដើម្បីរកគ្រាប់បាល់បញ្ចូលទីជាលើកដំបូងនៅនាទីទី៩០+២ និង១គ្រាប់ទៀតស៊ុតបាល់បញ្ចូលទីនៅនាទី៩០+៧។

Fulham សមនឹងទទួលបានអ្វីមួយពីការប្រកួតនេះសម្រាប់ទម្រង់លេងរបស់ពួកគេ ដោយចាប់ផ្តើមដាក់សម្ពាធយ៉ាងខ្លាំងលើក្រុម Brentford ដែលបានក្លាយជាក្រុមដែលមានប្រព័ន្ធការពាររឹងមាំ និងវាយបកយ៉ាងឆាប់រហ័សនៅរដូវកាលនេះ។

ខ្សែបម្រើស្លាបរបស់ Cottagers Reiss Nelson ដែលមានឈ្មោះក្នុងជម្រើស១១នាក់ដំបូងក្នុងក្របខណ្ឌ Premier League មានការស៊ុត២គ្រាប់ចំគោលដៅ ប៉ុន្តែត្រូវបានសង្គ្រោះដោយ Flekken ជាប់ៗគ្នា មុនពេល Emile Smith Rowe ក៏បានស៊ុតចំគោលដៅ១គ្រាប់ដែរ។

Brentford មានការលំបាកក្នុងការគ្រប់គ្រងបាល់ មុនពេល Christian Norgaard បញ្ជូនបាល់ទៅ Janelt នៅខាងក្រៅប្រអប់ទី ហើយខ្សែបម្រើរូបនេះបានស៊ុតពីចម្ងាយចំគោលដៅ និងចូលទីនាំមុខមុនក្រុមម្ចាស់ផ្ទះ។

លទ្ធផលនេះធ្វើឲ្យក្រុម Fulham ឡើងមកឈរចំណាត់ថ្នាក់លេខ៩ មាន១៥ពិន្ទុ ក្នុង១០ប្រកួត ខណៈដែល Brentford ឈរចំណាត់ថ្នាក់លេខ១២មាន១៣ពិន្ទុ។ ការប្រកួតបន្ទាប់ Fulham ត្រូវប៉ះ Crystal Palace នៅថ្ងៃទី៩ ខែវិច្ឆិកា រីឯ Brentford ត្រូវប៉ះ Bournermouth នៅថ្ងៃជាមួយគ្នាដែរ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print