ភ្នំពេញ៖ បណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការល្អ ជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា លើកិច្ចការស្រាវជ្រាវ វិទ្យាសាស្ដ្រសង្គម និងវប្បធម៌ ដើម្បីបង្កើនការទំនាក់ទំនង លើការងារវិទ្យាសាស្ដ្រសង្គម ខណៈប្រទេសនៅលើសកលលោក បច្ចុប្បន្នកំពុងមានការវិវឌ្ឍនរីកចម្រើនទៅរកវិទ្យាសាស្រ្ដទំនើបកម្ម ។
នេះជាការបញ្ជាក់ឲ្យដឹងពីដឹងពី លោកស៊ូក កុងសេង សៃង៉ាឡឺត (SOUK KONGSENG SAIGNALEUTH) ប្រធានបណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ ខណៈលោកដឹកនំាគណៈប្រតិភូឡាវ មកទស្សនកិច្ចកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួង ក្នុងគោលបំណង ផ្ដល់បទពិសោធន៍ ពីគ្នាទៅវិញទៅមក ដើម្បីស្វែងយល់ និងបន្ដការទំនាក់ទំនងល្អ រវាងក្រសួងអធិការកិច្ចកម្ពុជា និងបណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ ឲ្យកាន់តែជិតស្និទ្ធ ក្នុងនាមប្រទេសជិតខាងក្របខណ្ឌអាស៊ានផង ដែលមានទំនាក់ទំនងល្អ ក្នុងកិច្ចសហប្រតិបត្ដិការ លើគ្រប់វិស័យកន្លងមក ។
លោកស្រី ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះថ្នាក់ដឹកនាំរបស់បណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ និងថ្នាក់ដឹកនាំប្រតិភូ ដែលបានមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីបង្កើនការទំនាក់ទំនងឲ្យកាន់តែល្អ រវាងប្រទេសទំាងពីរ នាពេលបច្ចុប្បន្ន និងទៅអនាគត ។ លោកស្រីបានបន្ដថា៖ ក្នុងដំណើទស្សនកិច្ចរបស់បណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ នាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសភូមិផងរបងជាមួយ និងនាមជាប្រទេស សមាជិកអាស៊ាន ជាមួយគ្នាផង។ ប្រទេសកម្ពុជា និងប្រទេសឡាវ ធ្លាប់មានទំនាក់ទំនងល្អ ជាមួយគ្នាតំាងពីយូរលុងណាស់មកហើយ ពិសេសក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ចកម្ពុជា និងក្រសួង ស្ថាប័ន ពាក់ព័ន្ធឡាវ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ន និងពេលអនាគត។ លោកស្រីក៏បានបញ្ជាក់អំពីសភាពការណ៍រួមនៅកម្ពុជា ដែលកម្ពុជាទើបតែបញ្ចប់ពីសង្គ្រាម ដ៏រំារ៉ៃ ពីរបបប៉ុលពតគ្រប់គ្រងអស់កាលជាង៣ឆ្នំា៨ខែ ២០ថ្ងៃមកនេះ ប្រទេសកម្ពុជាសល់តែបាតដៃទទេ ។ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ កម្ពុជាដែលដឹកនំាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី លោកបានដឹកនំាធ្វើការអភិវឌ្ឍប្រទេសជាតិ ឲ្យប្រែក្លាយទៅជាប្រទេសដែលមានការរីកចម្រើនលើគ្រប់វិស័យ ទំាងវិស័យ សេដ្ឋកិច្ច, ឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម , ទេសចរណ៍ និងវប្បធម៌ជាដើម និងមានការកោតសរសើរពី សហគមន៍អាស៊ាន ជាក់ស្ដែងថ្មីៗនេះសម្ដេច ហ៊ុន សែន ទើបតែទទួលបានពានរង្វាន់សមិទ្ធផលអាស៊ាន មួយជីវិត ពីវិទ្យាស្ថានយុទ្ធសាស្ដ្រ និងភាពជាអ្នកដឹកនំាអាស៊ី ។
លោកស្រីក៏បាន បញ្ជាក់ពីតួនាទីភារកិច្ចដ៏ចម្បង របស់ក្រសួងទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចថា៖ ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទបានដឹកនាំគ្រប់គ្រងរាល់កិច្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធ្វើអធិការកិច្ចលើគ្រប់វិស័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅ ប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា។ លទ្ធផលការងារដែលក្រសួងសម្រេចបានមានការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា គឺមានការកសាងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ធ្វើការផ្សព្វផ្សាយច្បាប់ទៅតាមបណ្ដាខេត្ត រាជធានីក្រុងស្រុកខណ្ឌ និងបណ្ដាច្បាប់ជាច្បាប់ជលផល ច្បាប់កិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ ច្បាប់ភូមិបាល ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការពារជនរងគ្រោះ ច្បាប់បង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ច្បាប់គ្រប់គ្រងឱសថ អនុក្រឹត្យស្ដីពីការគ្រប់គ្រងដីរដ្ឋ។ ទិសដៅបន្តគឺ ត្រៀមធ្វើការផ្សព្វផ្សាយច្បាប់ឲ្យកាន់តែទូលំទូលាយទៀត។
លោក ស៊ូក កុងសេង សៃង៉ាឡឺត (SOUK KONGSENG SAIGNALEUTH) បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសឡាវ និងជាប្រទេស ដែលមានភូមិផងរបងជាប់ជាមួយគ្នា ពិសេសគឺមានចំណងសាមគ្គីភាពយ៉ាងល្អប្រសើរជាមួយគ្នាទៀតផង។
គណៈប្រតិភូក៏បានសម្ដែងនូវការអរគុណដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជណាចក្រកម្ពុជា ដែលតែងតែជួបពិភាក្សាផ្លាស់ប្ដូរបទនូវពិសោធន៍ការងារអធិការកិច្ច ស្ដីពី ការសិក្សាស្រាវជ្រាវ ជាមួយគ្នា ទទួលបានលទ្ធផលល្អ ប្រសើរនាពេលកន្លងទៅ ក៏ដូចពេលអនាគត។ បណ្ឌិតសភា វិទ្យាសាស្ដ្រសង្គមឡាវ នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការល្អ ជាមួយក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា លើកិច្ចការស្រាវជ្រាវ វិទ្យាសាស្ដ្រសង្គម និងវប្បធម៌ ដើម្បីបង្កើន និងពង្រឹង ការទំនាក់ទំនង លើការងារវិទ្យាសាស្ដ្រសង្គម ខណៈប្រទេសនៅលើសកលលោក បច្ចុប្បន្នកំពុងមានការវិវឌ្ឍនរីកចម្រើនទៅរកវិទ្យាសាស្រ្ដទំនើប ៕
ដោយ៖ សំរិត