ក្រុមហ៊ុន Zhongjiao Tongli បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី

ចែករំលែក៖

ចិន​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវក្តីសោមន្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានវិនិយោគ និងបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពទៅលើវិស័យកសិកម្ម និងបន្តគាំទ្រការវិនិយោគលើវិស័យនេះនៅកម្ពុជា។ ជាមួយគ្នានោះ សម្ដេចបវរធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលេីកទឹកចិត្តការវិនិយោគនៅខេត្តភាគឦសាននៃប្រទេស ហើយផ្អែកតាមគោលនយោបាយនេះ ក្រុមហ៊ុនអាចពិនិត្យលទ្ធភាពវិនិយោគលើវិស័យផ្សេងៗទៀតនៅតំបន់នោះផងដែរ។ ពាក់ព័ន្ធនឹងលទ្ធភាពនៃការពង្រីការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា សម្ដេចបវរធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសហការនិងពិភាក្សាបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print