ប្រទេសកម្ពុជា អបអរសាទរខួប ២១ ឆ្នាំ របាំព្រះរាជទ្រព្យ​ចុះក្នុង​បញ្ជី​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ÷ ថ្ងៃនេះ!កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅ ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេសតួកគី «របាំព្រះរាជទ្រព្យ» របស់​ខ្មែរត្រូវបានចុះក្នុង បញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌​អរូបីនៃមនុស្សជាតិ ។ របាំក្បាច់ខ្មែរបុរាណឬរបាំព្រះរាជ​ទ្រព្យនេះជាទម្រង់របាំសក្ការៈមាន ភាពល្បី ល្បាញខាង​កាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និងមានទ្រង់គ្រឿង​ចាំងភ្លឺផ្លេក​ៗ​។

ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គឺជាខួបទី២១ឆ្នាំដែល «របាំព្រះរាជទ្រព្យ»ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។«របាំព្រះរាជទ្រព្យ» ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃ​បានរបស់កម្ពុជាតែមួយគត់ ដែលបានថែរក្សានាដ​កម្មបុរាណមួយនេះអស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ​ដែល​នាដករ ប្រើចលនាកាយវិកាក្បាច់និងមនោសញ្ចោតនា​យ៉ាងប៉ិនប្រសប់ ទៅតាមការវិវឌ្ឍនៃសាច់រឿងដែល​រៀបរាប់​បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀង​ជាពួកនឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជា​សមាជិកអង្គការយូណេស្កូនៅថ្ងៃទី៣ ខែកក្កដា ១៩៥១ខណៈអង្គការនេះបង្កើត នៅថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ១៩៤៥។អង្គការយូណេស្កូគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិធ្វើការផ្តោតសំខាន់ទៅលើការ អប់រំវិទ្យាសាស្ត្រ ។ អង្គការនេះមានបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោកដោយលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនង។

ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបីចំនួន ៤,សម្បតិ្ត បេតិកភណ្ឌអរូបី ចំនួន ៦ និងបញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោកចំនួន ៣ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ក៏ដូចជា មរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។

១.បេតិកភណ្ឌរូបីនៃមនុស្សជាតិ៖ – តំបន់រមណីយដ្ឋាន​អង្គរ ចុះបញ្ជីនា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២ នៅ​ទី​ក្រុង​សាន់​តាហ្វេ សហរដ្ឋអាមេរិក​- ប្រាសាទ​ព្រះវិហារ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ទី​ក្រុង​កេបិក ប្រទេស​កាណាដា – តំបន់ប្រាសាទ​សំបូរ​ព្រៃគុក​ ចុះ​បញ្ជីនាថ្ងៃ​ទី​៨ ខែ​កក្កដា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ក្រាកូវ​ ប្រទេស​ប៉ូឡូញ​- រមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជីនាថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអា​រ៉ាប៊ី​សាអូឌីត ។

២. បេតិ​កភណ្ឌ​វប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ៖​- របាំ​ព្រះ​រាជ​ទ្រព្យ​ ចុះបញ្ជីនា​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០០៣ នៅ​ទី​ក្រុង​អ៊ីស្ដន់ប៊ូល​ ប្រទេស​តួកគី -​ ល្ខោន​ស្រមោល​ស្បែក​ធំ​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​- ល្បែង​ទាញ​ព្រ័ត្រ​ ចុះ​បញ្ជីនាថ្ងៃ​ទី​២​ ខែ​ធ្នូ ឆ្នាំ​២០១៥​ នៅ​ទី​ក្រុង​វិនឌុក​ ប្រទេស​ណាមីប៊ី​- ចាប៉ី​ដង​វែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ឆ្នាំ២០១៦ នៅ​ទី​ក្រុង​អេតឌីស​អាបាបា​ ប្រទេស​អេត្យូពី​- ល្ខោន​ខោលវត្តស្វាយអណ្តែត​ ចុះបញ្ជីនា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នៅ​ទីក្រុង​ព័រល្វី នៃ​សាធារណរដ្ឋ​ម៉ូរីស​​- គុន​ល្បុក្កតោ​ ចុះបញ្ជីនា​ថ្ងៃ​​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ នៅ​ទី​ក្រុង​រ៉ាបាត​ ព្រះ​រាជា​ណាចក្រម៉ារ៉ុក ។

...

៣. បញ្ជី​ស្មារតី​ចង​ចាំ​នៃ​ពិភព​លោក៖​- បណ្ណាសារឧក្រិដ្ឋ​កម្ម​ ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​ ចុះបញ្ជីនា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទី​ក្រុង​ប្រ៊ីដថោន​ ប្រទេស​បាបា​ដូស – ឯកសារ​សំឡេង​និទាន​រឿង​រាមកេរ្ដិ៍ ដោយ​តាគ្រុឌ ចុះ​បញ្ជីនាថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ នៅ​ខេត្ត​ខ្វាង​ចូវ​ ប្រទេស​ចិន – រឿង​អ៉ីណាវ បុស្សិបា ចុះបញ្ជីនា​ថ្ងៃ​ទី​៣០​ ខែ​តុលា​ ឆ្នាំ​២០១៧ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print