ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាគណៈវិស្វករកម្ពុជា លើកទី១ អាណត្តិទី៣ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិកអចិន្ត្រៃយ៍ សមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អាណត្តិទី៣។
លោក ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ដោយក្នុងនោះបានចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា គិតចាប់ពីត្រឹមឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២៤ សរុបចំនួន ៩ ៣៦០នាក់។
ក្នុងកិច្ចប្រជុំនេះលោកហេង សួរ បានផ្តល់អនុសាសន៍ សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានផងដែរ។
ទន្ទឹមនេះ លោក ហេង សួរ ស្នើដល់សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO) គណៈកម្មកាសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាត្រូវរៀបចំ និងធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។
សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជានិងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា អាណត្តិទី៣៕