ក្រុមបិសាចក្រហម Manchester United មានបំណងចង់ទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងក្របខ័ណ្ឌ Europa League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ខណៈដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុមក្រិក PAOK នៅកីឡដ្ឋាន Old Trafford នាវេលាម៉ោង៣រំលងអធ្រាត្រ។
អ្នកចាត់ការទូទៅលោក Ruben Amorim កំពុងតែផ្គាប់ចិត្តអ្នកគាំទ្ររបស់ក្រុម Man Utd កាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែការដឹកនាំក្រុមនេះគឺជាគ្រូបង្វឹកបណ្តោះអាសន្ន Ruud van Nistelrooy នៅឡើយដែលនឹងចូលនៅពាក់កណ្តាលសប្តាហ៍នេះ។ បុរសសញ្ជាតិហូឡង់រូបនេះបានដឹកនាំការខុសត្រូវលើក្រុម Leicester City ក្នុងលទ្ធផល ៥-២ នៅលើការបង្ហាញខ្លួនលើកដំបូងរបស់គាត់នៅក្នុងកៅអីដ៏ក្តៅគគុក ប៉ុន្តែក្រុមបិសាចក្រហមបានត្រលប់មកវាយបកវិញក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Chelsea កាលពីចុងសប្តាហ៍មុន។
លោក Amorim ដែលនឹងមកទទួលបន្ទុកដឹកនាំក្រុម Manchester United ជាលើកដំបូងបន្ទាប់ពីសម្រាកអន្តរជាតិខែវិច្ឆិកា នឹងត្រូវមើលដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលក្រុមម្ចាស់ជើងឯក Premier League ១៣សម័យមួយនេះស្វែងរកជ័យជម្នះលើកដំបូងនៅក្នុងទ្វីបអឺរ៉ុប។ លទ្ធផលស្មើដ៏គួរឱ្យខកចិត្តជាមួយ Twente, Porto និង Fenerbahce បានធ្វើឱ្យពួកគេស្ថិតនៅពាក់កណ្តាលតារាងក្របខ័ណ្ឌ Europa League។
ចំណែកគូប្រជែង PAOK ដែលជាម្ចាស់ជើងឯកលីកកំពូលក្រិចឆ្នាំ២០២៣-២០២៤ ទំនងជាមិនខ្លាចការបំភិតបំភ័យរបស់គូប្រកួតនៅ Old Trafford ពីមុននោះទេ ជាពិសេសការដែលឃើញ Twente ទទួលបានលទ្ធផលស្មើក្នុងទីក្រុង Manchester នៅថ្ងៃប្រកួតទី១។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Razvan Lucescu កាន់តែអាក្រក់ជាង Man United ក្នុងក្របខ័ណ្ឌ Europa League ដោយមានតែ១ពិន្ទុប៉ុណ្ណោះមកទល់ពេលនេះ។ ការចាញ់ Galatasaray និងចាញ់ FCSB ត្រូវបានតាមពីក្រោយដោយការស្មើ ២-២ ជាមួយ Viktoria Plzen កាលពីប្រកួតចុងក្រោយ។
៥ប្រកួតចុងក្រោយរបស់ក្រុម Man Utd គឺឈ្នះ២ ស្មើ២ និងចាញ់១ ខណៈដែលនៅក្របខ័ណ្ឌ Europa League ក្រុមនេះមិនទាន់រកឃើញជ័យជម្នះនៅឡើយ ដោយស្មើ៣ប្រកួត។ រីឯក្រុម PAOK ៥ប្រកួតចុងក្រោយឈ្នះ២ ស្មើ២ និងចាញ់១ដូចគ្នា ខណៈដែលការប្រកួតក្នុងក្របខ័ណ្ឌ Europa League ក្រុមនេះមិនទាន់រកឃើញជ័យជម្នះនៅឡើយដែរគឺចាញ់២ និងស្មើ១៕ (រូបភាព ៖ 90min)