ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករខុសលក្ខណៈបច្ចេកទេសឱ្យមកសភាពដើមវិញ ព្រមទាំងត្រូវបំពេញតាមលក្ខណៈបច្ចេកទេសដែលច្បាប់កំណត់។
លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្នុងនាមស្ថាប័នបច្ចេកទេស លោកបាទសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានធ្វើកិច្ចការនេះយ៉ាងឆាប់រហ័ស ដើម្បីធានាភាពស្របច្បាប់ ជាពិសេសសុវត្ថិភាពកម្មករ-កម្មការិនីរោងចក្រ ដែលត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនខាងលើ។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្ត ដែលបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយធ្វើកិច្ចសន្យា ផ្តិតមេដៃ កែសម្រួលរថយន្តរបស់ខ្លួន ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យមកសភាពដើមវិញ៕