ភ្នំពេញ÷ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំង (៩ វិច្ឆិកា ១៩៥៣) ហើយស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៤ គឺជាខួបលើកទី៧១ នៃភាពជាម្ចាស់លើជោគវាសនា និងអនាគតរបស់កម្ពុជាយើង ដែលបានបណ្តុះស្មារតីដល់យើងខ្ញុំដែលជាអ្នកបន្តវេន ជាថ្នាក់ដឹកនាំ ជាមន្ត្រីរាជការ និងជាប្រជាជនកម្ពុជាគ្រប់ៗរូប ឱ្យប្តេជ្ញាបន្តដង្ហែតាមព្រះគម្រូវីរភាព ក្នុងភារកិច្ចនៃការការពារ ថែរក្សា សុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាព និងចូលរួមបន្តអភិវឌ្ឍប្រកបដោយឆន្ទៈដ៏មោះមុត ស្របជាមួយការបន្តកិច្ចសហប្រតិបត្តិការ និងការពង្រឹងមិត្តភាពជាវិជ្ជមាន ហើយចូលរួមថែរក្សាឯករាជ្យជាតិ កម្ពុជាឱ្យនៅរឹងមាំ ឋិតឋេរជានិច្ចនិរន្តរ៍តរៀងទៅ៕