ទីក្រុងបារីស៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Jonathan TURGY អ្នកគ្រប់គ្រងការដេញថ្លៃ និងអភិវឌ្ឍន៍អាជីវកម្ម នៃក្រុមហ៊ុន Systra និងលោក Marc Giroussens អ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Artelia ក្នុងកិច្ចប្រជំុរួមគ្នា នៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Alstom Group ទីក្រុងបារីស ប្រទេសបារាំង។
របៀបវារៈក្នុងកិច្ចប្រជុំនាឱកាសនេះបានផ្ដោតការពិភាក្សាផ្លាស់ប្ដូរយោបល់លើបរិយាកាសវិនិយោគ និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ពិសេសក្នុងប្រព័ន្ធផ្លូវដែក ដើម្បីចូលរួមគាំទ្រដល់ភាពរីកចម្រើនរបស់សង្គមសេដ្ឋកិច្ចកម្ពុជា។
ក្រុមហ៊ុន Systra គឺជាក្រុមហ៊ុនវិស្វកម្មដែលផ្ដល់សេវាកម្មប្រឹក្សាលើការដឹកជញ្ជូនសាធារណៈ និងការរចនា វិស្វកម្ម និងគ្រប់គ្រងគម្រោងដែលទាក់ទងនឹងប្រព័ន្ធផ្លូវដែក និងប្រព័ន្ធដឹកជញ្ជូនធំៗ ដូចជារថភ្លើងក្រោមដី ផ្លូវរថភ្លើងធុនស្រាល ផ្លូវរថភ្លើង ផ្លូវរថភ្លើងល្បឿនលឿន និងប្រព័ន្ធដឹកជញ្ជូនរហ័សជាដើម។
ចំពោះក្រុមហ៊ុន Artelia គឺជាក្រុមហ៊ុនវិស្វកម្មអន្តរជាតិរបស់បារាំង ដែលផ្ដល់សេវាកម្មលើការគ្រប់គ្រងគម្រោង និងប្រឹក្សាយោបល់ មានឯកទេសលើផ្នែកសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទឹក ថាមពល និងគម្រោងបរិស្ថានផងដែរ៕