អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ តបតាមការអញ្ជើញរបស់បក្សសភាជាតិអាហ្វ្រិកខាងត្បូង លោក Li Xi សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសអាហ្វ្រិកខាងត្បូងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ។ អំឡុងពេលបំពេញទស្សនកិច្ច លោកបានជួបពិភាក្សាជាមួយលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងនិងជាប្រធានបក្សសភាជាតិអាហ្វ្រិកខាងត្បូងនៅក្រុង Cape Town ។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Li Xi បានថ្លែងថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសអាហ្រ្វិកខាងត្បូងដើម្បីអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ពង្រឹងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ បង្កើនការបន្ស៊ីគ្នាផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ ពន្លឿនការអនុវត្តសមិទ្ធផលរបស់កិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិក ក៏ដូចជារួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ដើម្បីជំរុញទំនាក់ទំនងរវាងចិននិងអាហ្រ្វិកខាងត្បូងឱ្យឡើងដល់កម្រិតថ្មីទៀតជាបន្តបន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Matamela Cyril Ramaphosa បានថ្លែងថា រដ្ឋាភិបាលសាមគ្គីភាពជនជាតិអាហ្រ្វិកខាងត្បូងនឹងរក្សានិរន្តរភាពនៃគោលនយោបាយចំពោះចិន ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយចិន ហើយក៏នឹងបង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុង យន្តការពហុភាគីអន្តរជាតិផងដែរ ៕
ដោយ ៖ សិលា