លោកអភិបាលខណ្ឌ៧មករា បញ្ជាដល់នគរបាលខណ្ឌ៧មករាស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូបង្ហោះ តាមដងផ្លូវជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាក្រោមការដឹកនាំរបស់ លោក ថេង សុថុល អភិបាលខណ្ឌ បានបញ្ជាទៅលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងទាំងពីរនាក់ឲ្យខានតែបានដើម្បីមកធ្វើការអប់រំ។ ក្រោយឃើញមានបណ្ដាញសង្គមបង្ហោះជាសាធារណៈនូវសកម្មក្មេងទំនើងពីរនាក់ជិះម៉ូតូបង្ហោះតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ក្រោយលោកអធិការនគរបាលខណ្ឌ៧មករា បានទទួលបទបញ្ជាពីលោកអភិបាល នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការស្រាវជ្រាវរហូតកំណត់បានអត្តសញ្ញាណ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទាំង២នាក់នេះ យកមកអធិការដ្ឋាននគរបាលខណ្ឌធ្វើការអប់រំណែនាំនិងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ចំណែកម៉ូតូត្រូវបានអាជ្ញាធរដកហូតរក្សាទុកនៅអធិការនគរបាលខណ្ឌ រយៈពេល០៣ខែទើបឲ្យយកទៅវិញ។

សូមបញ្ជាក់ផងដែរកន្លងទៅរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានមានប្រសាសន៍ ជាញឹកញាប់ ពាក់ព័ន្ធនឹងករណីក្មេងទំនើងដែលជិះម៉ូតូបង្ហោះតាមដងផ្លូវជាសាធារណៈនេះនិងណែនាំដល់កម្លាំងសមត្ថកិច្ចគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់ បង្ការទប់ស្កាត់ រាល់បទល្មើស ជាពិសេសក្រុមក្មេងទំនើងនេះតែម្ដង ត្រូវតែបង្ក្រាបឲ្យបានដាច់ខាត់។

គួរបញ្ជាក់ផងដែរកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅមានក្រុមក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងបានជិះម៉ូតូ ម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ 1KU-7244 បង្ហោះតាមបណ្ដោយផ្លូវលេខ២១៥ ទិសដៅពីស្ដុបអាងទឹកទៅស្តុបផ្សាដេប៉ូ មូលដ្ឋានសង្កាត់វាលវង់ ខណ្ឌ៧មករា ជាសាធារណៈបង្ករភាពអនាធិបតេយ្យដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវផងដែរ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print