ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្រោយយកលុយចំនួន ៣០ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។
គួររម្លឹកថា សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ បានចេញអនុក្រឹត្យ បញ្ចប់តំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។
យោងតាមអនុក្រឹត្យ បានបញ្ជាក់ឱ្យដឹងថា មូលហេតុនៃការដកដំណែងនេះ គឺដោយសារតែលោក កន សុខកាយ បានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ដែរថា ការដកតំណែងអភិបាលស្រុកល្វាឯមរូបនេះ បានកើតមានឡើង ក្រោយសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមទាក់ទងនឹងបុគ្គលឈ្មោះ លី សាម៉េត ដែលបានធ្វើសកម្មភាពយកឈ្មោះសម្ដេច ទៅបោកប្រាស់ប្រាក់ពីប្រជាពលរដ្ឋជាច្រើននាក់។ ក្នុងចំណោមអ្នកដែលចាញ់បោកទាំងនោះ ក៏មានលោក កន សុកាយផងដែរ។
បើតាមសារសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា លោក កន សុខកាយ បានផ្ញើវីដេអូជូនសម្តេច ថា លោក លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕ដោយ៖តារា