អភិបាលខេត្តកណ្តាល ៖ សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍ខេត្តជាច្រើន ក្នុងនោះរួមមានការជួសជុលផ្លូវបេតុង ផ្លូវកៅស៊ូAC គម្រោងជួសជុលផ្នែកមត្តេយ្យសិក្សាសហគមន៍ ស្ដារប្រឡាយ ការជួសជុលនិងពង្រីកផ្លូវ ការសាងសង់ស្ពាន ការបំពាក់ម៉ូទ័របូមទឹក និងការដាក់លូប្រអប់ ដើម្បីរំដោះជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ និងគម្រោងផ្សេងៗជាច្រើនទៀត សរុប ៣៤ គម្រោង ដែលត្រូវបានយកមកពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្តាល នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ទីរអង្គភាពជំវិញខេត្ត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានស្នើដល់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ សូមធ្វើការពិនិត្យ និងពិភាក្សា ឱ្យបានល្អិតល្អន់ និងស៊ីជម្រៅ សំដៅធ្វើយ៉ាងណាឱ្យគម្រោងដែលបានលើកឡើង សម្រាប់ឆ្នាំ២០២៥ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោក ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរ ដល់គណៈអភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួន ព្រមទាំងមានកិច្ចសហការគ្នាបានយ៉ាងល្អប្រសើរ ធ្វើឱ្យខេត្តកណ្ដាលទទួលបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា « សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន ក្នុងនោះរួមមានការកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍លើវិស័យអប់រំ ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

លោកបន្តថា ក្នុងនោះដែរមានគម្រោងស្ដារនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរំដោះទឹកជំនន់នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដែលក្នុងនោះរដ្ឋបាលខេត្ត បានធ្វើការពិនិត្យ និងពិភាក្សាគ្នា លើការដាក់បន្ថែមម៉ូទ័របូមទឹក និងការដាក់លូប្រអប់ នៅក្នុងតំបន់ដែលរងការជនន់លិចដោយជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ដែលនេះគឺជាបញ្ហាប្រឈម និងការចាំបាច់ដែលប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ជួបប្រទះនៅពេលមានបញ្ហាជំនន់ទឹកភ្លៀង ដែលតែងតែកើតឡើងនៅរដូវវស្សាជារៀងរាល់ឆ្នាំកន្លងមក។

លោកបន្ថែថា ក្រៅពីគម្រោងបញ្ជៀសនូវជំនន់ទឹកភ្លៀងនៅក្រុងតាខ្មៅ មានគម្រោងអភិវឌ្ឍន៍នានាជាច្រើនទៀត ដែលជាគម្រោងចាំបាច់របស់ខេត្ត ក្នុងការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍ធនធានមនុស្សដោយផ្ដើមចេញពីកុមារតូច នៅក្នុងមត្តេយ្យសហគមន៍ ការកសាងស្ពាន ស្ដារប្រឡាយ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋជាក់ស្ដែងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល បានធ្វើការពិនិត្យ និងពិភាក្សា សេចក្តីរាយការណ៍អំពីលទ្ធផលការងារចុះបើកប្រអប់សំបុត្រសម្រាប់បញ្ចេញមតិ និងបណ្តឹងតវ៉ា របស់ការិយាល័យប្រជាពលរដ្ឋខេត្ត តាមបណ្តាឃុំ សង្កាត់ក្នុងក្រុង ស្រុកទាំង១៣ ទូទាំងខេត្ត ខែតុលា ឆ្នាំ២០២៤។ លទ្ធផលការងាររបស់ គ.ក.ស.ក ខេត្ត ប្រចាំខែតុលា ឆ្នាំ២០២៤ និងពិនិត្យ និងពិភាក្សា លើរបាយការណ៍គម្រោងវិនិយោគខេត្ត ឆ្នាំ២០២៥៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print