ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ចុះពិនិត្យដោយផ្ទាល់ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាគោលដៅសំខាន់ៗជុំវិញព្រះមរបរាជវាំង។
សូមជម្រាបជូនថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង ១ម៉ឺន៦ពាន់នាក់ ត្រូវបានដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។
គួររម្លឹកថា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានថ្លែងនាឱកាសបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយបានលើកឡើងថា៖ ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។ ខណៈ
នាយឧត្តមសេនីយ៍ ស ថេត បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីបចំនួន៣៦ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។ លោកនាយឧត្តមសេនីយ៍ បន្ដថា ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពោលត្រូវធានាដល់ព្រះរាជសុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេស អញ្ជើញចូលរួមអបអរសាទរកម្សាន្ដសប្បាយ។
ដោយឡែកកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ចូលរួមប្រជុំជួរត្រួតពិនិត្យវត្តមាន ឯកសណ្ឋាន និងសម្ភារ និងត្រៀមចេញល្បាត ដើម្បីអន្តរាគមន៍បង្ការទប់ស្កាត់បទល្មើស ក្មេងទំនើង ក៏ដូចជាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងឈរជារនាំងជ័យ ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកផងដែរ៕ដោយ៖តារា