ប្រទីបក្រសួងសុខាភិបាល បណ្តែតខ្លួនដោយពន្លឺចញ្ចែងក្នុងស្បៃរាត្រីចាំងឆ្លុះផ្ទៃទឹកទន្លេចតុមុខ ប្រកបដោយភាពជឿជាក់ក្នុងបេសកម្មបម្រើសុខភាពសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាល មានសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រងវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ក្រសួងសុខាភិបាលមានឆន្ទៈខ្ពស់ បំពេញភារកិច្ចលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនគ្រប់រូប តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោបាយអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ស្តីពីការថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

អំពីរចនាបថនៃប្រទីប ៖ នៅផ្ទៃខាងលើ មានរូបសញ្ញារបស់ ក្រសួងសុខាភិបាល ដែលមានរាងពងក្រពើ លម្អដោយពណ៌មាស ក្រហម ខៀវ ស និងបៃតង។ នៅខាងក្រោមចំកណ្តាលនៃរូបសញ្ញា មានក្បាច់ដកចន្ទន៍ និងមានផ្ទាំងសញ្ញាពណ៌ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានចារិកអក្សរថា ក្រសួងសុខាភិបាល និងមានស្លឹករុក្ខជាតិពីរជួររាងជាស្នែងក្របីពណ៌បៃតង តំណាងឱ្យផ្នែកវេជ្ជសាស្រ្តបូរាណ។ នៅចំកណ្តាលនៃរូបសញ្ញា មានរូបម្ជុល តំណាងឱ្យវិស័យវេជ្ជសាស្រ្ត និងទន្តវទនសាស្រ្ត និងមានរូបពស់មួយពត់ពេនព័ទ្ធជុំវិញម្ជុល តំណាងឱ្យវិស័យឱសថសាស្រ្ត។ នៅចំខាងលើនៃម្ជុលមានម្កុដរាជ និងនៅលើម្កុជរាជមានកាំរស្មី ១៥កាំ តំណាងឱ្យរាជបល្ល័ង្គ ដែលបញ្ជាក់ថា វិស័យសុខាភិបាលស្ថិតក្រោមម្លប់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញទៅដោយព្រះបញ្ញាញាណ ដ៏ភ្លឺស្វាងត្រចះត្រចង់។

នៅពីក្រោមរូបសញ្ញាក្រសួងសុខាភិបាល មានរំលេចរូបភាពមន្ត្រី និងបុគ្គលិកសុខាភិបាលគ្រប់ជំនាញ ក្នុងប្រព័ន្ធសុខាភិបាល ដែលបំពេញភារកិច្ចបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តសិទ្ធភាព សុវត្ថិភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ជូនដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដែលមាន ព្រះសង្ឃ ស្ត្រីមានផ្ទៃពោះ ជនមានពិការភាព កុមារ ទារក យុវវ័យ មនុស្សចាស់ កសិករ បុគ្គលិក កម្មករ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

...

ផ្ទៃខាងក្រោមនៃប្រទីប ត្រូវបានរចនាឡើងដោយមានសត្វមករ និងសត្វនាគ ដែលបានយកលំនាំតាមរូបនាគរាជប្រាសាទបន្ទាយឆ្មារ នាសតវត្សទី១២ តំណាងឱ្យសម័យកាលរុងរឿងនៃវិស័យសុខាភិបាល និងភាពសំបូរសប្បាយសុខុដុមរមនារបស់ប្រជាជនកម្ពុជា។ រូបនាគរាជ ក៏ជាសត្វទីឃជាតិតំណាងឱ្យដើមកំណើតនៃប្រទេស និងប្រជាជាតិកម្ពុជា វប្បធម៌ប្រពៃណី ទំនៀមទំលាប់ខ្មែរ តាំងពីសម័យបុរាណមក ព្រមទាំងតំណាងឱ្យធាតុទឹកដែលជាប្រភពនៃការរស់រានមានជីវិត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print