ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បែកក្បាលហូរឈាមស្រោចខ្លួនព្រោះតែជុំពាក់លុយគេចំនួន២មុឺនរៀលមិនទាន់បានសងហើយត្រូវម្ចាស់បំណុលវាយ១ដប។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះមានឈ្មោះ គង់ គួន ហៅគាំង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកជនបង្កមានឈ្មោះ ដែត សុីង ហៅសុីង អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិបឹងកេត ឃុំស្ទឹងត្រង់ ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កកំពុងតែអង្គុយផឹកសុីជាមួយមិត្តភក្ដិរបស់គេក្រោយមកជនរងគ្រោះបានដើរកាត់កន្លែងផឹកសុី ហើយជនបង្កបានស្រែកសួរថា ពេលណាទើបសងលុយអាញ់? ពេលនោះជនរងគ្រោះបានឆ្លើយថា លុយស្អីគេ អាច់ក្ដអាញ់ ហើយក៏បានដើរចេញទៅបានបន្តិចក៏ត្រូវជនបង្កទាញដបស្រាវីស្គី ដែលខ្លួនកំពុងតែផឹកនោះយកទៅវាយត្រូវក្បាលពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចខ្លួនតែម្តង។
ក្រោយមកជនរងគ្រោះក៏បានរត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីឲ្យកម្លាំងចុះទៅឃាត់ខ្លួនជនបង្កយកមកសាកសួរ ហើយភ្លាមៗនោះដោយសារតែជនរងគ្រោះមានសភាពហូរឈាមច្រើនពេកក៏បានទៅមន្ទីរពេទ្យដើម្បីដេរមុខរបួស។
ក្រោយកើតហតុនគរបាលប៉ុស្តិ៍ទឹកថ្លា បានចុះទៅឃាត់ខ្លួនជនបង្កយកមកសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះស្រាយតាមនីតិវិធី ៕
ដោយ៖ តុង សីហា
...