ខេត្តកំពត៖ រមណីយដ្ឋានដូងទេ កំពុងទាក់ទាញភ្ញៀវទេសចរជាច្រើន ឱ្យជាប់ចិត្តនឹងទេសភាព បរិយាកាស សេវាកម្មផ្សេងៗ ខណៈភ្ញៀវទេសចរទាំងនោះអះអាងថាមានការរៀបចំច្នៃប្រឌិតថ្មីៗ ប្លែកទាក់ភ្នែក អាចផ្តល់ភាពសប្បាយសម្រាប់មនុស្សគ្រប់វ័យ ទាំងកុមារនិងចាស់ៗ បានធ្វើឲ្យពួកគាត់មិន ដែលភ្លេចដូងទេពេលមកកំពត។
ភ្ញៀវទេសចរមកពីតាមបណ្តារាជធានីខេត្ត បានបង្ហាញអារម្មណ៍រំភើបរីករាយ ពេលបានមកសម្រាកលម្ហែ និងទទួលអាហារនៅរមណីយដ្ឋានដូងទេថា ទោះពួកគាត់ធ្លាប់មកច្រើនដង ឬអ្នកខ្លះទើបបានមកស្គាល់ក៏ដោយ ប៉ុន្តែទីនេះពិតជា ពូកកែរៀបចំឲ្យមានភាពទាក់ទាញ ទាំងសោភ័ណភាព អនាម័យបរិស្ថាន សេវាកម្មផ្សេងៗល្អ ពិសេសរក្សាបាននូវធម្មជាតិ មានឆ្នេរ និងដើមឈើត្រជាក់ស្រួល។
ជាក់ស្ដែងក្រុមអាជីវករលក់នៅតាមផ្លូវចូលរមណីយដ្ឋានដូងទេ សប្បាយចិត្តយ៉ាងខ្លាំងដោយសារ ខាងដូងទេបានរៀបចំតូបថ្មីស្អាត និងងាយស្រួល ពិសេសលក់ដាច់ច្រើនក្នុងឱកាសបុណ្យអុំទូកនេះ ជាពិសេសថ្ងៃបុណ្យអុំទូកទី២ ភ្ញៀវបុកមកច្រើនជាងថ្ងៃម្សិលមិញ។
ចំណែកបុគ្គលិករមណីយដ្ឋានដូងទេ ថាកន្លែងខ្លួនបានពង្រីកសេវាកម្មកាន់តែច្រើន និងល្អប្រសើរឡើង ដើម្បីឆ្លើយតបតាមតម្រូវការភ្ញៀវ។
តាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរខេត្ត បានឱ្យដឹងថាថ្ងៃទី២ នៃពិធីបុណ្យអុំទូក ភ្ញៀវទេសចរបន្តសម្រុកមកលេងខេត្តកំពតកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយ គេរង់ចាំមើលទូរលេខរបស់ក្រុមការងារជំនាញ បូកសរុបនៅម៉ោ៧ល្ងាច៕ដោយ៖តារា