រដ្ឋបាលខេត្តតាកែវ រៀបចំពិធីសំពះព្រះខែ និងអកអំបុក នៅបរិវេណមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អបអំបុក នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីសំពះព្រះខែ និង អកអំបុក នៅបរិវេណមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ស្ថិតក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តតាកែវ មន្រ្តីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សុខសន្ដិភាព។

នៅក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថាពិធីបុណ្យសំពះព្រះខែ និងអកអំបុក ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលជាមរតកវប្បធម៌ដូនតាបានបន្សល់ទុកតាំងពីសម័យបុរាណយូរលង់ណាស់មកហើយ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើនៅតាមផ្ទះសម្បែងរៀងៗខ្លួន និងតាមទីវត្តអារាមជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ ។ ពិធីនេះ ភាគច្រើនគេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ឬខែវិច្ឆិកា ដែលជាថ្ងៃព្រះចន្ទរះពេញវង់ ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក ដោយបានផ្សារភ្ជាប់ជាមួយព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប។

លោក បន្តថា ពិធីបុណ្យអកអំបុក ជាការថ្វាយដល់ព្រះចន្ទ ដែលកំពុងរះពេញវង់នូវភោគផលកសិកម្ម ដែលប្រជាកសិករប្រមូលផលស្រូវបានដំបូងបំផុត។ កសិករ បានយកស្រូវទុំថ្មីៗទៅលីង ហើយបុក រួចអុំយកអង្កាមចេញស្អាត ដាក់សែនថ្វាយទេវតា ចំពេលព្រះចន្ទរះពេញវង់ ដើម្បីសម្ដែងការដឹងគុណទេវតាដែលប្រទានទឹកភ្លៀងធ្លាក់មកលើព្រះធរណី ធ្វើឱ្យដំណាំសព្វសារពើដុះដាល ហើយទទួលផលកសិកម្មបានច្រើន៖ «អកអំបុក និងសំពះព្រះខែនេះឯង គឺយើងនិយាយទៅ គឺជាពិធីមួយដែលគេរំឭកទៅដល់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គយោងយកកំណើតជាសត្វទន្សាយនៅក្នុងហ្នឹង ជាព្រះចន្ទអ៊ីចឹងទៅ បានខ្មែរយើងតំណមកធ្វើអកអំបុក សែនព្រះខែ ដើម្បីនឹកទៅដល់គុណព្រះចន្ទដែលមានគុណមកលើសត្វយើងទាំងអស់ ដែលយើងបានកើតនៅក្នុងលោកយើងនេះឯង»។

ក្នុងឱកាសនោះដែរ លោក វ៉ី សំណាង ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមថែរក្សាមរតកវប្បធម៌ ប្រពៃណីទំនៀមទំលាប់ខ្មែរ នៃពិធីបុណ្យសំពះព្រះខែ និងអកអំបុកនេះ ឲ្យស្ថិតស្ថេរគង់វង្ស ពិសេសចូលរួមថែរក្សាសុខសន្ដិភាព មានសន្ដិភាព ប្រទេសជាតិមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ បើគ្មានសុខសន្ដិភាពកុំថាឡើយការអភិវឌ្ឍ ការរស់រាន្តមានជីវិតក៏គ្មានដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print