លោក វង្សី វិស្សុត ជួបសំណេះសំណាលលើកទឹកចិត្តបងប្អូនកីឡាករទូកងមកពីខេត្តកំពង់ធំនៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្រ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនជាកីឡាករទូក ង ទាំងអស់មកពីខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត និងសាកសួរសុខទុក្ខ នៅក្នុងថ្ងៃប្រណាំងផ្តាច់ព្រ័ត្ត។ គួរបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០២៤នេះ ខេត្តកំពង់ធំមានទូកងសរុបចំនួន ៩ និងមានកីឡាករចំនួន ៧៥៦នាក់ បានឡើងមកចូលរួមប្រណាំងថ្នាក់ជាតិនៅទន្លេចតុមុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបាននិងកំពុងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ទូកងទាំង ៩ មានឈ្មោះ ដូចតទៅ៖

១. ចំប៉ាពិសីសែនជ័យ ។
២.ពោធិ៍អណ្តែតធិបតីសែនជ័យ ។
៣.ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង។៤.តាអោកតេជោសែនជ័យបារមីកំពង់ស្បូវ ៥.សែនសិរីមានជ័យ ។
៦.ចតុលោកតេជោសែនជ័យបារមីវត្តចតុលោក ។
៧.ស្រីស្រស់ស្ទឹងសែន ។
៨.តេជោសែនជ័យបារមីវត្តកងមាស ។
និង ៩.ច័ន្ទមណីគគីរមានជ័យ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក វង្សី វិស្សុត បានថ្លែងនូវការកោតសរសើរដល់បងប្អូនកីឡាករប្រណាំងទូកងទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត និងទេពកោសល្យតាមបច្ចេកទេសរៀងៗខ្លួន ហើយទទួលបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ នៅក្នុងការចូលរួមប្រណាំងទូក ង រយៈពេល ២ថ្ងៃមកនេះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរ និងលើកទឹកចិត្តដល់កីឡាករមកពីខេត្តកំពង់ធំទាំងអស់ សូមឱ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនះនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃផ្តាច់ព្រ័ត្រជាបន្តទៀត ដើម្បីនាំយកនូវកិត្តិយសដល់ខេត្តកំពង់ធំយើង ក៏ដូចភូមិឃុំយើង វត្តយើង និងក្រុមគ្រួសាររបស់យើងទាំងអស់គ្នាផងដែរ។ លោកក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ រួចត្រឡប់ទៅមូលដ្ឋានភូមិឃុំរបស់យើងវិញប្រកបដោយសុវត្ថិភាព និងមោទនភាព។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមបាននាំយកនូវភេសជ្ជៈប៉ូវកម្លាំង សម្រាប់ជូនដល់បងប្អូនកីឡាករ បន្ថែមលើការឧបត្ថម្ភនាពេលកន្លងមកផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print