ខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបញ្ចូលទីបាន៣គ្រាប់ ខណៈដែលន័រវេសបានផ្តួលក្រុមកាហ្សាក់ស្ថាន ៥ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ វិច្ឆិកានេះ ដើម្បីធ្វើឲ្យន័រវេសឡើងទៅកាន់ក្របខ័ណ្ឌកំពូលនៃ Nations League។
ខ្សែប្រយុទ្ធ Manchester City រូបនេះបានក្លាយជាអ្នករកគ្រាប់បាល់កំណត់ត្រារបស់ប្រទេសន័រវេសកាលពីខែមុននោះ ដោយឥឡូវនេះរកបាន៣៨គ្រាប់ក្នុងការបង្ហាញខ្លួន៣៩លើកឲ្យក្រុមជម្រើសជាតិន័រវែស។
ខ្សែប្រយុទ្ធរូបនេះក៏ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Nations League ជាមួយនឹងគ្រាប់បាល់ចំនួន៧គ្រាប់ក្នុងការប្រកួតចំនួន៦ពូលរបស់គាត់។ គាត់បានស៊ុតបាល់បញ្ចូលទីគ្រាប់ទី១នៅនាទីទី២៣ បន្ទាប់ពីការស៊ុតរបស់ Antonio Nusa ត្រូវបានសង្គ្រោះដោយ Stas Pokatilov ហើយបាល់បានផ្លាតមកធ្វើឲ្យ Haaland បន្ថែមចូលទីតែម្តង។
គ្រាប់បាល់ទី២ Haaland បានស៊ុតបញ្ចូលទីនៅនាទីទី៣៧ ខណៈគ្រាប់បាល់ទី៣ រកបានដោយកីឡាករ Alexander Sorloth ធ្វើឲ្យលទ្ធផលតង់ទី១ ន័រវេសនាំមុខ ៣-០។
ចូលដល់តង់ទី២ ក្រុមន័រវេសក៏បានបន្ថែមគ្រាប់បាល់២គ្រាប់ទៀតដែលខ្សែប្រយុទ្ធ Haaland រកបានគ្រាប់ទី៣របស់ខ្លួននិងជាគ្រាប់បាល់ទី៤នៃការប្រកួតនេះនៅនាទីទី៧១ពីការបញ្ជូនបាល់របស់កីឡាករ Sander Berge។ គ្រាប់បាល់ទី៥រកបានដោយកីឡាករ Nusa ដែលកំពុងលេងនៅក្លិប Leipzig បានស៊ុតបញ្ចូលទីនៅនាទីទី៧៦។
ន័រវេសបានយកឈ្នះអូទ្រីស ហើយបានស្មើ ១-១ ជាមួយនឹងស្លូវេនី ដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុងពូល B3។ ក្រុមរបស់លោក Ralf Rangnick មានសង្ឃឹមឈ្នះទៅហើយ ដោយនៅសល់៩នាទីទៀតចប់ការប្រកួតដើម្បីរកបានជ័យជម្នះក្នុងពូល ដោយសារគ្រាប់បាល់របស់ Romano Schmid ប៉ុន្តែកីឡាករ Adam Gnezda Cerin បានតាមស្មើកាលពីប្រកួតប៉ះស្លូវេនី។
បច្ចុប្បន្នក្រុមអូទ្រីសនឹងឈានទៅប្រកួតជម្រុះវគ្គជម្រុះជាមួយក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតារាងចំណាត់ថ្នាក់កំពូល ៕ (រូបភាព ៖ BBC)