ខេត្ដកំពង់ធំ៖ លោកសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកបណ្ឌិត ជឹម កុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការទំនប់ និងការរក្សាទឹកក្នុងទំនប់អាងទឹកស្ទឹងជីនិត ស្ថិតនៅលើដងស្ទឹងជីនិតផែ្នកកណ្តាល ស្ថិតនៅក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក និងឃុំបល្ល័ង្គ ស្រុកបារាយណ៍ និងទំនប់អាងទឹកតាំងក្រសាំង ស្ថិតក្នុងនៅឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកអនុរដ្ឋលេខាធិការ មានប្រសាសន៍ឱ្យដឹងថា ទំនប់អាងទឹកស្ទឹងជីនិត មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ៣៩លានម៉ែត្រគូប ដែលមានសំណង់បង្ហៀរប្រវែង ៧៥០ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យជាច្រើនទៀត។ នាពេលបច្ចុប្បន្ន ទំនប់អាងទឹកនេះត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់ ហើយបរិមាណទឹកនេះគឺរក្សាទុកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងលើទី១ប្រមាណ ៩ពាន់ហិកតា និងស្រូវប្រាំងលើទី២ប្រមាណ ៥ពាន់ហិកតា និងផ្តល់ប្រភពទឹកប្រើប្រាស់នារដូវប្រាំងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋប្រមាណ ១លានម៉ែត្រគូប។
លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ទំនប់អាងទឹកតាំងក្រសាំង មានសមត្ថភាពរក្សាទឹកស្តុកទុកបាន ២៥លានម៉ែត្រគូប ដែលត្រូវបានរក្សាទឹកស្តុកទុកក្នុងអាងពេញបាន១០០% តាមការកំណត់នាពេលបច្ចុប្បន្ន សម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសវិស័យកសិកម្ម ដែលអាចស្រោចស្រពលើផ្ទៃដីស្រូវប្រាំងប្រមាណ ៣៥០០ហិកតាផងដែរ។
ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ ក៏បានណែនាំឱ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការគ្រប់គ្រង និងរក្សាទឹកទុកក្នុងអាងទាំងពីរខាងលើ និងរៀបចំផែនការច្បាស់លាស់ ដើម្បីបម្រើឱ្យពហុវិស័យ ជាពិសេសការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវប្រាំង និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕ ដោយ៖តារា