ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា​៖​ ការបញ្ជាទិញស្បែកជើង និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២៥ នឹងកើនលើសឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា​  អ្នកឧកញ៉ា លី ឃុនថៃ​ បានប្រាប់បណ្ដាញសារព័ត៌មានថា៖​ វិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ​នៅ​ឆ្នាំ២០២៤នេះ មានសន្ទុះខ្លាំងដោយការនាំចេញ​កើនឡើង​ជាង២០​%​ធៀបនឹងឆ្នាំ២០២៣។

ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា​រូបនេះ​ បានគូសបញ្ជាក់ថា៖ ភាពល្អប្រសើរ ក្នុងការ​នាំ​ចេញ​វិស័យកាត់ដេរផ្នែកខាងផលិតស្បែកជើង និងផលិតផលធ្វើដំណើរ គឺដោយសារតែស្ថានភាពនឹងនរបស់សេដ្ឋកិច្ច និងនយោ​បាយ​កម្ពុជា​ ។​ ម៉្យាងអ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុកចិត្តមកលើ​កម្ពុជា ។

លោកប្រធាន​សមាគម​ ក៏បានបង្ហាញនូវការព្យាករថា «តាមការវិភាគរបស់សមាគម​សហព័ន្ធអ្នកវិនិយោគកម្ពុជា សម្រាប់ឆ្នាំ២០២៥ ការបញ្ជាទិញ​នឹងអាចកើនឡើងច្រើនជាងឆ្នាំ២០២៤ ដែលកើនឡើងយ៉ាងតិចមិន​ក្រោម២០ទៅ៣០ភាគរយនោះទេ »។

កន្លងមកការនាំចេញផលិតផលស្បែកជើង និងសម្ភារធ្វើដំណើរក្នុង​ចំនួន​ដ៏ច្រើនគួរសមទៅប្រទេសអឺរ៉ុប ប្រទេសអង់គ្លេស អាមេរិក កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ជប៉ុន និងកូរ៉េ ជាដើម។ អ្នកឧកញ៉ាបន្ថែមថា សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បាន និងកំពុងជំរុញវិស័យស្បែកជើង និងផលិតផលធ្វើដំណើរឱ្យ​កាន់តែរីកចម្រើន។

អ្នកឧកញ៉ា លី ឃុនថៃ បានគូសរំលេចថា រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំ​ចេញ​ស្បែកជើងមានការកើនឡើង ២៣ភាគរយ បើធៀបនឹងរយៈ​ពេល​ដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះមានការនាំចេញទៅអឺរ៉ុប អាមេរិក និងអាស៊ី ដែលមានចិនផងដែរ។ ទន្ទឹមនេះក្នុងឆ្នាំ២០២៤នេះដែរ នៅសល់ប្រមាណ២ខែទៀត ការនាំចេញអាច​នឹងកើន​ឡើងបន្តទៀត ក៏ប៉ុន្តែទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ។

បន្ថែមពីនេះ​ ប្រធានសមាគមស្បែក​ជើងកម្ពុជា​ បានបញ្ជាក់ថា​ កម្ពុជា​ បច្ចុចប្បន្នហោចណាស់មាន៨០រោងចក្រ កំពុងដំណើរ​ការផលិតស្បែកជើងនៅកម្ពុជា៕ដោយ​៖តារា​

រូបភាព​៖AMS

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print