ខេត្តប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ)។ កិច្ចប្រជុំពិភាក្សាដឹកនាំដោយលោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងលោក មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ។ កិច្ចប្រជុំនេះដែរគឺ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បញ្ជាក់ថានាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួល ដល់អ្នកជំងឺខ្មែរ ដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណា ចក្រថៃ។ លោកស្រី អភិបាលខេត្ត ក៍បានមានប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត ដូចជា៖ ជួយសម្របសម្រួលដល់ការចេញចូល របស់ប្រជាពលរដ្ឋ ខ្មែរទៅធ្វើការ ជា ពលករ និងទៅរកស៊ីស្របច្បាប់ នៅក្នុងខេត្តចាន់បុរី, សម្របសម្រួលនីតិវិធីដឹកទំនិញឆ្លងដែន, ពន្លឿនការកសាងស្ពានឆ្លងព្រំដែន និងការធ្វើខ្លោងទ្វារព្រំដែនអន្តរជាតិព្រំ ផងដែរ។
លោកស្រី អភិបាលខេត្ត ក៍បានមានប្រ
សាសន៍កោតសសើរ ដល់រដ្ឋបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ ដែលកន្លងមកបានរក្សានូវ ចំណងសាមគ្គីភាព មិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ ជាមួយខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព និងស្មោះត្រង់។
ជាការឆ្លើយតប លោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាល ខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានសន្យាខិតខំបង្កើនកិច្ចសហប្រតិបត្តិការល្អ និងដោះស្រាយនូវរាល់សំណូមពរ របស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងក្របខ័ណ្ឌសម
ត្ថកិច្ចរបស់ខេត្ត ។ លោក មុនស៊ីត ផៃសានថាណាវ៉ាត់ អភិបាលខេត្តចាន់បុរី នៃព្រះរាជាណាចក្រថៃ បានមានប្រសាសន៍បន្តថា៖ កិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការសាង សង់ស្ពានឆ្លងព្រំដែនថ្មី នៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍ បានជាកាត (Ban Phakkad) នាពេលនេះគឺគណៈកម្មាធិការថ្នាក់ខេត្តទាំងពីរ បានសម្រេចចិត្តអនុម័តលើសេចក្តីព្រាងកិច្ចព្រមព្រៀង ធ្វើយ៉ាងណាដើម្បីឲ្យការកសាងស្ពានឆ្លងព្រំដែនថ្មី បានដំណើរការយ៉ាងរលូន គឺយើងត្រូវមានកិច្ចសហការរៀបចំសេចក្តីព្រាងកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបន្តទៀត។
សូមបញ្ជាក់ផងដែរថា៖ គម្រោងការសាងសង់ស្ពានថ្មីឆ្លងកាត់ព្រំដែន នៅច្រកទ្វារអន្តរជាតិព្រំ (ខេត្តប៉ៃលិន) និងខេត្តចាន់បុរី ប្រទេសថៃ នេះ មានបណ្តោយប្រវែង៤០ម៉ែត្រ និងទទឹង ២១ម៉ែត្រ ផងដែរ។ដោយ÷ស សារ៉េត