កម្ពុជា-ចិន ៖ កម្ពុជា និងចិន បានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរ ថែមទៀត នៅក្នុងវិស័យបរិស្ថាន ជាពិសេស ការការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានកម្ពុជា ដែលបង្ហាញពីលទ្ធផលជំនួបរវាងរដ្ឋមន្ត្រីបរិស្ថានកម្ពុជា និងមន្ត្រីជាន់ខ្ពស់ចិន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។
លោកបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងថា កម្ពុជាបានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ក្រសួងថា នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងការជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យា ក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេស រងគ្រោះពីបញ្ហានេះ ផងដែរ។ លោក ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ ឬ COP29 បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការ កាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេស និងតំបន់ទាំងអស់។
បើតាមក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រសួងបរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៅគ្រប់កម្រិតទាំងអស់ ដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រចក្រា ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣គឺ ស្អាត បៃតង និងចីរភាព។
ភាគីចិនបានប្រកាសផ្តល់ជូនជាសម្ភារក្រោមកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងសម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ នៅឆ្នាំ២០២៤ ដែលរួមមាន ៖ អំពូលសូឡា LED បំភ្លឺផ្លូវសាធារណចំនួន ១៥០០គ្រឿង ផ្ទាំងប្រព័ន្ធថាមពលព្រះអាទិត្យ ចំនួន២0០០គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន២គ្រឿង។
សូមបញ្ជាក់ តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៤ ក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន តាមរយៈកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង សម្រាប់ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុនៅឆ្នាំ២០២៤ បានផ្តល់ជូនក្រសួងបរិស្ថាន នូវជំនួយសម្ភារៈដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បញ្ចេញកាបូនទាប រួមមាន អំពូលសូឡា LED ចំនួន៤៣០០គ្រឿង ផ្ទាំងសូឡា ចំនួន២២០០គ្រឿង រថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័ត ចំនួន២ គ្រឿង និងម៉ូតូអគ្គិសនី ចំនួន២០០គ្រឿង រួចមកហើយ នេះបើតាមក្រសួងបរិស្ថាន៕
ដោយ៖ សិលា