ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស ត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីបូកសរុបសកម្មភាព ពិនិត្យ និងវាយតម្លៃលើលទ្ធផលការអនុវត្តសង្ឃប្រកាសរបស់អនុសំវច្ឆរមហាសន្និបាត មន្ត្រីសង្ឃ ដែលបានដាក់ចេញកន្លងមក ដោយមានកិច្ចពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើការអនុវត្ត ការងារព្រះពុទ្ធសាសនា នាពេលបច្ចុប្បន្ន និងលើកទិសដៅសម្រាប់អនុវត្តនាឆ្នាំបន្ត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះសង្ឃទំាងពីរគណៈដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤នេះ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម និងលើកកម្ពស់សីលធម៌សង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចតេជោបានមានប្រសាសប៍ឡើងពីការវិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យធម្មការ និងសាសនា ជាពិសេសព្រះពុទ្ធ សាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការពង្រឹង និងពង្រីកពុទ្ធិកសិក្សា, ចំណែកវិស័យពាហិរសាសនាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ហើយគ្រប់សាសនាបានរួមគ្នាធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅកម្ពុជា ដើម្បីចូលរួមចំណែកថែរក្សា ឱ្យបានសុខដុមរមនាសង្គម សន្តិភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា ការអប់រំតាមរយៈព្រះពុទ្ធសាសនា កាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថា ការរីកចម្រើនខាងសម្ភារ និងស្មារតី ត្រូវតែមានតុល្យភាព និងល្បឿនស្មើគ្នា ហើយការ ស្វែងរកភាពមានបានខាងផ្នែកសម្ភារ ត្រូវតែស្ថិតនៅក្នុងក្របខ័ណ្ឌនៃច្បាប់ សមធម៌ សុជីវធម៌ សីលធម៌ និង គុណធម៌ ។ គ្រប់សាសនា សុទ្ធសឹងតែបង្រៀនមនុស្សឱ្យធ្វើនូវសេចក្តីល្អ ដើម្បីឈានដល់ការទទួលបានសេចក្តីសុខសម្រាប់បុគ្គលគ្រប់រូប ក៏ដូចជាសង្គមទាំងមូល ។ មិនតែប៉ុណ្ណោះ ទ្រឹស្តី សាសនាក៏ជាបទដ្ឋាននៃគុណតម្លៃរួម ដើម្បីជួយឱ្យសង្គមមនុស្សមានសាមគ្គីធម៌ សុខដុមរមនា សន្តិភាព និងការអភិវឌ្ឍ ហើយក៏ជាមាគ៌ា សម្រាប់អ្នកប្រតិបត្តិគ្រប់រូបបានធ្វើដំណើរទៅចាប់យកប្រយោជន៍ ទាំងលោកនេះ និង លោកខាងមុខផងដែរ។ ក្រោមម្លប់នៃសុខសន្តិភាពតាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យប្រទេស ជាតិមានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង និង ស្ថិរភាពនយោបាយ ហើយសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងគត់មត់ក្នុងរយៈពេលជាង ២៦ ឆ្នាំកន្លង ទៅនេះ ។ កត្តានេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និង ជាកាលានុវត្តភាពយ៉ាងធំធេងសម្រាប់ការ អភិវឌ្ឍលើគ្រប់វិស័យ, ក្នុងនោះ វិស័យសាសនាក៏មានការរីចម្រើនគួរឱ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាព។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្តឲ្យកម្ពុជាមានការបែកបាក់សាមគ្គី និងសង្គ្រាមដោយសារតែការញុះញង់ពីក្រុមពួកអគតិមួយក្តាប់តូចនោះឡើយ។ ត្រង់ន័យនេះ ត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងបញ្ហា កោះគុត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែមានជនអគតិមួយក្តាប់តូច (ក្រុមក្បត់ជាតិ៣ជំនាន់) កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ទៀតថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហាកោះគុតតាមការញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ។
ឆ្លៀតនៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ប្រជាពលរដ្ឋទុកលទ្ធភាពឲ្យរដ្ឋាភិបាលចរចាជាមួយនឹងរដ្ឋាភិបាលថៃរឿងកោះគុត ហើយសង្ឃឹមថាខាងអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ណាស់ជាមួយប្រទេសជិតខាង ជាក់ស្ដែងពេលនេះ ការបោះបង្គោលព្រំដែនជាមួយនឹងប្រទេសឡាវបានចំនួន ៨៦ភាគរយ ជាមួយវៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បីឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញងាយយល់ នឹងធ្វើឲ្យការរស់នៅតាមតំបន់ព្រំដែនកាន់តែមានភាពល្អប្រសើរ។ សម្ដេចតេជោបន្ថែមទៀតថា ក្រុមជ្រុលនិយមនៅកម្ពុជាជាក្រុមជ្រុលនិយមមិនធម្មតាដែលទាមទារឲ្យធ្វើច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
នៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិនត្រូវចល័តកម្លាំងទៅតំបន់កោះគុត ឬធ្វើសកម្មភាពអ្វីនោះទេ ក្រោយពីមិនទាន់ទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះ។សម្ដេចតេជោបញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។
ពាក់ព័ន្ធទៅនឹងបញ្ហាសាសនាវិញ សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យកែតម្រូវឡើងវិញលើការរៀបចំមន្ត្រីសង្ឃគង់នៅតាមកម្មវិធីផ្សេងៗឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ ពីព្រោះកន្លងទៅឃើញថាមានការខុសឆ្គងក្នុងការរៀបកន្លែងគង់របស់ព្រះសង្ឃ។ សម្ដេចតេជោ បានស្នើដល់ក្រសួងធម្មការសាសនាគួរបណ្ដុះបណ្ដាលអាចារ្យដើម្បីស្នងអាចារ្យដោយសព្វថ្ងៃនេះមានវិបត្តិខ្វះអាចារ្យ ជាពិសេសតាមទីវត្តអារាមនីមួយៗអាចទទួលការបណ្ដុះបណ្ដាលអាចារ្យស្នងបាន។
ជាថ្មីម្តងទៀត ក្នុងព្រះបរមនាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចសូមប្រគេនពរឱ្យអនុសំវច្ឆរមហា សន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣២ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះពុទ្ធសាសនា ឱ្យកាន់តែរុងរឿងបន្ថែមទៀត លើកកម្ពស់តួនាទី ព្រះពុទ្ធសាសនាក្នុងសង្គម តាមរយៈ ការអប់រំលើកកម្ពស់សីលធម៌សង្គម និង សុខភាពផ្លូវ ចិត្តរបស់ប្រជាជន ដែលបច្ចុប្បន្ននេះ កត្តាទាំងពីរនេះ គឺមានភាពចាំបាច់ និងបន្ទាន់ជាង ឮពេលណាៗទាំងអស់ និងសូមប្រកាសបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២» ចាប់ពីពេលនេះតទៅ៕
ដោយ ៖ សិលា