ប្រធានព្រឹទ្ធសភាស្នើក្រសួងធម្មការពិចារណារកទីតាំងរួម សម្រាប់ចេតិយនៅវត្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើក្រសួងធម្មការ និងសាសនា ធ្វើការជាមួយព្រះសង្ឃ និងអាជ្ញាធរ ពិចារណារកទីតាំងរួម ខណៈទីអារាមបច្ចុប្បន្ន ចង្អៀនណែនទៅដោយចេតិយ របស់ប្រជាពុទ្ធបរិស័ទ ។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងបរទេស លើកទី៣២ នៅវិទ្យាស្ថានគរុកោសល្យ និងវិក្រឹត្យការ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សំណាងល្អ បច្ចុប្បន្ននៅទីវត្តអារាម មានកន្លែងសម្រាប់ធ្វើចេតិយបាន ប៉ុន្តែនៅពេលខាងមុខ គ្មានកន្លែងធ្វើចេតិយទេ ។ ដូច្នេះ អាចជាវដីទុកនៅទីកន្លែងណាមួយ កុំនៅឆ្ងាយពេក ដើម្បីពុទ្ធបរិស័ទអាចមានទីកន្លែងសម្រាប់ការធ្វើចេតិយ បើធ្វើតែក្នុងវត្តរបៀបនេះ ពេលខ្លះ រើកុដលោក ធ្វើចេតិយក៏មានដែរ ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមើលឃើញថា បច្ចុប្បន្ន នៅតាមទីធ្លាវត្តអារាម ហាក់មានសភាពចង្អៀតណែន និងមានចេតិយគ្របដណ្ដប់លើទីធ្លាវត្តអារាមស្ទើរ ៥០ភាគរយ ទៅហើយ ដូច្នេះគួរគិតគូរទុកជាមុន ដើម្បីសម្រួលទៅដល់ប្រជាពលរដ្ឋអាចជាវដី ទៅធ្វើចេតិយ។ 

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងផ្ដាំផ្ញើដល់អាចារ្យទាំងអស់ថា ក្នុងរដូវកាលនេះជារដូវកាលរៀបអាពាពិពាហ៍ ដូច្នេះសូមអាចារ្យទាំងអស់ស្ដាប់នូវ ការសម្រេចចិត្តរបស់មេបា ចំពោះរឿងដាក់កូនកម្លោះនៅខាងឆ្វេង ឬនៅខាងស្ដាំ សូមកុំតវ៉ាប្រឆាំងជាមួយម្ចាស់ដើមការ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមផ្ដាំផ្ញើលោកអាចារ្យថា ពេលនេះជាពេលរៀបអាពាពិពាហ៍ តែងតែលឺការជជែកគ្នារឿងថា ដាក់កូនប្រុសខាងស្ដាំ ឬដាក់កូនប្រុសខាងឆ្វេង រឿងនេះនៅតែជាប្រធានបទដដែល ក្នុងពេលដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានទៅជួបអាចារ្យម្ដងក្នុងពេលជជែកគ្នា ក្នុងនោះអាចារ្យ ញៀន ភឿន និងអាចារ្យមួយចំនួនទៀត និងការអនុវត្តន៍ជាក់ស្ដែង។ ដោយអាចារ្យ គុណ និងអាចារ្យមួយចំនួនផ្សេងទៀត ដែលជាទម្លាប់ ខាងផ្នែកអាចារ្យ ញៀន ភឿន ថា កូនកម្លោះត្រូវតែដាក់ខាងឆ្វេងដៃ មុនពេលផ្ទឹម ចំណែកកូនក្រមុំនៅខាងស្ដាំដៃ ក្នុងពេលនោះមានការជជែកដេញដោលគ្នាច្រើនណាស់ រហូតដល់មានការលើកឡើងថា អ្នកណាធ្វើខុសពីក្រសួងធម្មការ និងសាសនា គឺមិនបាននោះទេ ឲ្យខ្ញុំករុណាទៅបកស្រាយ»។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ឥឡូវនេះពេលរៀបអាពាពិពាហ៍សូមឲ្យអាចារ្យ ស្ដាប់នូវដំបូន្មានរបស់មេបា ការសម្រេចចិត្តរបស់មេបា បើមេបាតម្រូវឲ្យដាក់កូនកម្លោះ នៅខាងស្ដាំដៃកូនក្រមុំ គឺធ្វើតាមម្ចាស់ដើមការទៅ កុំមានៈ លើកលែងតែម្ចាស់ដើមការលើកឡើងថា សម្រេចលើអាចារ្យរៀបចំយ៉ាងណាឲ្យតែល្អ ដូច្នេះទើបជាសិទ្ធិរបស់អាចារ្យ រៀបចំដាក់កូនកម្លោះ កូនក្រមុំខាងណាក៏ល្អ ប៉ុន្ដែអាចារ្យត្រូវតែសួរម្ចាស់ដើមការជាមុនសិនថា តើកូនកម្លោះគួរដាក់ខាងស្ដាំដៃ ឬដាក់ខាងឆ្វេងដៃ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា «មានអ្នកខ្លះលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន លើករឿងកិច្ចការងារកំប៉ិកកំប៉ុកមកនិយាយ គ្រាន់តែរឿងដាក់កូនកម្លោះខាងស្ដាំ ឬខាងឆ្វេងប៉ុណ្ណោះ ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើមិនចេះរឿងកំប៉ិកកំប៉ុកនោះទេ សូមកុំចង់ទៅធ្វើអ្នកធំអី។ ខ្ញុំសូមផ្ដាំថា ប្រសិនបើមិនចេះរឿងកំប៉ិកកំប៉ុង មិនអាចធ្វើរឿងកំប៉ិកកំប៉ុកបាន កុំសង្ឃឹមថាទៅធ្វើការងារធំ ឬធ្វើធំបាន»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print