ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ ឡឹមតារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការសល្យសាស្រ្តសម្ភព និងសណ្តំថ្នាក់ជាតិនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី២០ ខែវិច្ឆិកាថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំផ្ទាល់និងតាមរយៈប្រព័ន្ធវីដេអូសន្និសីទលើកទី៤ដើម្បីពិនិត្យមើលវឌ្ឍនៈភាពការងាររបស់គណៈកម្មការសល្យសាស្ត្រ សម្ភពនិងសណ្តំ របស់មន្ទីរពេទ្យសាធារណៈទូទាំងប្រទេសដែលមានបម្រើសេវាវះកាត់គ្រប់ប្រភេទ និងសេវាសម្ភព។
លោកសាស្រ្តាចារ្យបានរំលឹកពីតួនាទីភារកិច្ចសំខាន់ៗរបស់គណៈកម្មការក្នុងការធានាដំណើរការបម្រើសេវាវះកាត់គ្រប់ប្រភេទជូនប្រជាជនដោយរលូន មានគុណភាព សក្ក័សិទ្ធភាព និងសុវត្ថិភាពខ្ពស់ ទាំងករណីបន្ទាន់ និងមិនបន្ទាន់ ដូចខាងក្រោម៖
– ក្រុមការងារសល្យសាស្រ្តសម្ភពនិងសណ្តំនៃមន្ទីរពេទ្យជាតិនិងមន្ទីរពេទ្យបង្អែករាជធានីខេត្តបានបង្ហាញពីវឌ្ឍនភាពការងាររបស់ខ្លួនដោយបានបម្រើសេវាសល្យសាស្រ្តសម្ភពនិងសណ្តំក្នុងមន្ទីរពេទ្យសាធារណជូនប្រជាពលរដ្ឋប្រកបដោយគុណភាពសុវត្ថិភាព។
– កំណត់សូចនាករណ៍សំខាន់ៗសម្រាប់កត់ត្រានិងប្រមូលទិន្នន័យដើម្បីសិក្សាពីវឌ្ឍនភាពការងារ រកមើលចំណុចខ្លាំង ចំណុចខ្វះខាតដែលត្រូវកែរលំអរ ទាំងហេដ្ឋារចនាសម្ព័ន សំភារៈឧប្បករណ៍វេជ្ជសាស្ត្រ ឱសថ និងធនធានមនុស្សដើម្បីដាក់ចេញអន្តរាគមជំនាញសល្យសាស្រ្តសម្ភពនិងសណ្តំសម្រាប់បម្រើសេវាក្នុងមូលដ្ឋានរបស់ខ្លួន។
– ការប្រើប្រាស់ឱសថប្រឆាំងមេរោគមិនចាំបាច់ក្នុងពេលវះកាត់និងក្រោយវះកាត់ដើម្បីកាត់បន្ថយការចំណាយរបស់អ្នកជំងឺក្រុមគ្រួសារ។
លោកសាស្រ្តាចារ្យ រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំបានណែនាំបន្ថែមដល់ក្រុមការងារសល្យសាស្រ្តសម្ភព និងសណ្តំនៅមន្ទីរពេទ្យថ្នាក់ជាតិនិងមន្ទីរពេទ្យបង្អែករាជធានីខេត្តទាំងអស់ខិតខំបង្កើនធនធានមនុស្សសហការគ្នាតាមជំនាញរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីបម្រើសេវាសល្យសាស្រ្តសម្ភពនិងសណ្តំជូនប្រជាជនទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមផ្ទាល់ដោយឯកឧត្តមសាស្រ្តាចារ្យជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង លោក លោកស្រីសាស្រ្តាចារ្យជាអនុប្រធាននាយកដ្ឋាន នាយករងមន្ទីរពេទ្យជាតិ តំណាងក្រុមការងារសល្យសាស្រ្តសម្ភពនិងសណ្តំ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ដៃគូអភិវឌ្ឍន៍ប្រមាណ៣០ រូបនិងតាមរយ:ប្រព័ន្ធវីដេអូសន្និសីទរួមមាននាយកនាយករងមន្ទីរពេទ្យជាតិក្រុមការងារមន្ទីរពេទ្យជាតិមជ្ឈមណ្ឌលជាតិ លោក លោកស្រី លោកអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្តប្រធានគ្រប់មន្ទីរពេទ្យបង្អែករាជធានីខេត្តក្រុងស្រុកខណ្ឌក្រុមការងារមន្ទីរពេទ្យបង្អែករាជធានីខេត្តនិងមន្រ្តីផ្នែកសល្យសាស្រ្តសម្ភពនិងសណ្តំមន្ទីរពេទ្យបង្អែកក្រុងស្រុកខ័ណ្ឌចំនួន២៦៧នាក់សរុបរួម២៩៧រូប៕ ដោយ៖តារា