សម្ដេចតេជោ ហ៊ុន សែន ថ្លែង​ប្រសាសន៍សំខាន់ៗ​ ក្នុងពិធីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចតេជោ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានមានប្រសាសន៍សំខាន់ៗ​ក្នុងពិធីបើកមហាសន្និបាត សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២​ នៅវិមាន៧មករា​ រាជធានី​ភ្នំពេញ​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​របស់​សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្ហាញមោទនភាពដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ចំនួនពីរដងរួមទាំងមហាសន្និបាតលើកនេះ។

-សម្ដេចតេជោ ថ្លែង​បញ្ជាក់ថា ប្រធានបទនៃមហាសន្និបាត ICAPP លើកទី១២ នៅកម្ពុជា ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សារ» គឺបានបង្ហាញពីទិដ្ឋភាពជាក់ស្ដែងរបស់កម្ពុជា ដែលបានឆ្លងកាត់ និងមានបទពិសោធន៍ដោយផ្ទាល់ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកសន្ដិភាពពេញលេញជូនជាតិមាតុភូមិ។

-សម្ដេចតេជោ ថ្លែង​ថា កម្ពុជាទទួលបានឱកាសនៅក្នុងការរៀបចំមហាសន្និបាត ICAPP ចំនួន ២ លើក និងកិច្ចប្រជុំកំពូលអាស៊ានចំនួន ៣ លើករួចមកហើយ។

-សម្ដេចតេជោ សង្ឃឹមថា កម្ពុជានឹងមានឱកាសទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៣ និងទី៤ បន្តទៀត។

-សម្ដេចតេជោ ថ្លែង​ថា សង្គ្រាមអាចកើតមានឡើងត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះ ប៉ុន្តែការបញ្ចប់សង្គ្រាម និងនាំយកសន្តិភាពត្រឡប់មកវិញ ជាការលំបាក និងត្រូវប្រើពេលយូរ។ សម្ដេចតេជោ បញ្ជាក់បន្ថែមថា ដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា គឺជាគំរូល្អមួយ។

-សម្ដេចតេជោ ថ្លែង​ថា ការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះ មិនអាចសម្រេចបានទេ បើកម្ពុជាមិនមានសន្តិភាព។

-សម្ដេចតេជោ ថ្លែងថា បើកម្ពុជាមិនអាចគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងផ្ទៃក្នុងរបស់ខ្លួនបាននោះទេ នោះកម្ពុជាអាចនឹងធ្លាក់ទៅក្នុងសង្គ្រាមជាថ្មី។

-សម្ដេចតេជោ រំលេចបន្ថែមថា គេបង្កើតសង្គ្រាមនៅកម្ពុជា គេគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ ក្រោយមកគេជំរុញឱ្យយើងកាត់ទោសខ្មែរក្រហម ដោយមិនគិតពីការធ្លាក់ចូលទៅក្នុងសង្គ្រាមជាថ្មីរបស់កម្ពុជានោះឡើយ។

-សម្ដេចតេជោ បានរម្លឹកឱ្យដឹងថា សម្ដេចបានប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា សម្ដេចសុខចិត្តឱ្យតុលាការអន្តរជាតិ ដើម្បីកាត់ទោសខ្មែរក្រហមបរាជ័យ តែសម្ដេចមិនសុខចិត្តឱ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីនោះឡើយ។

-សម្ដេចតេជោ​ ថ្លែងថា ស្ដង់ដារមានតែក្នុងវិស័យកីឡាប៉ុណ្ណោះ តែនយោបាយគ្មានទេស្ដង់ដារតែមួយ។

-សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅចំពោះមុខតំណាងបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានថ្លែង​ប្រាប់ប្រទេសដែលតាំងខ្លួនថា ជាបិតាប្រជាធិបតេយ្យ ឱ្យឈប់សាងកំហុសបន្តទៀតលើកម្ពុជា តាមរយៈការគាំទ្រដល់ក្រុមជ្រុលនិយមក្រៅច្បាប់ ដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

-សម្ដេចតេជោ ប្ដេជ្ញាយ៉ាងមុតមាំថាមិនញញើតដៃ ក្នុងការ​កម្ទេច ក្រុមជ្រុលនិយមដែលបង្កើត​បដិវត្តន៍ពណ៌នៅកម្ពុជា ដើម្បីការពារសុវត្ថិភាពសន្តិសុខសន្តិភាពនៅប្រទេសកម្ពុជា។

-សម្ដេចតេជោ ថ្លែងថា បដិវត្តន៍ពណ៌ថ្មីៗនេះ គេបានធ្វើនៅបង់ក្លាដែស ហើយគេចង់មកអនុវត្តនៅកម្ពុជាបន្តទៀត។ សម្ដេចតេជោរំលេចបន្ថែមថា គេមិនធ្វើរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ដើម្បីផ្ដួលរំលំរដ្ឋាភិបាល បើយើងមិនឈ្លាសវៃ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ ឈាមខ្មែរនឹងហូរជាថ្មី កម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិ និងការបែកបាក់ជាតិជាថ្មី។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរម្លឹកជាថ្មីថា សម្ដេចធ្លាប់បានប្រាប់ទៅប្រទេសបិតាប្រជាធិបតេយ្យថា សូមកុំសាងកំហុសទី៣ ដល់កម្ពុជា។ សម្ដេចតេជោរម្លឹកបន្ថែមថា កំហុសទី១ ដែលប្រទេសបិតាប្រជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេគាំទ្ររដ្ឋប្រហារដែលដឹកនាំដោយ លន់ នល់។ កំហុសទី២ ដែលប្រទេសបិតាប្រ ជាធិបតេយ្យបានសាងដល់កម្ពុជា នោះគឺគេបានគាំទ្រក្រុមប្រល័យពូជសាសន៍ខ្មែរក្រហម ដែលមានបាតដៃប្រឡាក់ឈាមខ្មែររាប់លាននាក់នៅអង្គការសហប្រជាជាតិ។

-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការអនុវត្តស្តង់ដា គឺមានតែនៅក្នុងការប្រកួតកីឡាប៉ុណ្ណោះ។ ការអនុវត្តស្តង់ដា មិនអាចធ្វើបាន ឡើយនៅក្នុងបញ្ហានយោបាយ។

នាឱកាសនោះ​ដែរ​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា សូមប្រកាសប្តេជ្ញាចិត្តការពារនូវសុខសន្តិភាពនៅកម្ពុជាឲ្យខាងតែបាន។ ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងឱកាស អញ្ជើញជាអធិបតីបើកមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP-12) នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

...

ដោយឡែក​ សហប្រធានគណៈកម្មការអចិន្ត្រៃយ៍ ICAPP-12​ បានមានប្រសាសន៍ថា​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាបុរសខ្លាំង ហើយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺជាតួអង្គដ៏សំខាន់ដែលបានដើរតាមបន្ទាត់នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងការបន្តរក្សាថែស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា ដែលនេះជាគំរូដ៏ល្អមួយសម្រាប់សហគមន៍អន្តរជាតិ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print