ខេត្តស្ទឹងត្រែង៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃសុក្រទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ នៅថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួល ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខៈ ៤៦៩ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ។
សូមជម្រាបថា កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ និងដកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនចំនួន ២០ គីឡូក្រាម ជាប្រភេទសារធាតុញៀនមេតំហ្វេតាមីន ម៉ូតូចំនួន ០១ គ្រឿង និងទូរស័ព្ទចំនួន ០២ គ្រឿង។
បន្ទាប់ពីបានធ្វើការពិនិត្យភស្តុតាង និងឯកសារពាក់ព័ន្ធនានានៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យជនជាតិខ្មែរចំនួន ០២ នាក់ ព្រមទាំងបក្ខពួកមួយចំនួនផ្សេង ទៀត ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិសំអាង ឃុំសំអាង ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបទល្មើសព្រហ្មទណ្ឌ ដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖តារា