Update ៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ – 12th General Assembly of ICAPP (International Conference of Asian Political Parties ) និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ បានអញ្ជើញក្នុងពិធីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) លើប្រធានបទ “ការស្វែងរកសន្តិភាព និងការផ្សះផ្សា” និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន៧មករា។

បន្ទាប់ពីចំណាប់អារម្មណ៍របស់ប្រតិភូតំណាងគណបក្សនយោបាយមកពីប្រទេសផ្សេងៗរួចហើយនោះ សម្តេចតេជោ ហ៊ុន  សែន បានមានប្រសាសន៍ដោយផ្ដោតទៅលើប្រធានបទខាងលើសំខាន់ៗដូចតទៅ ៖
ក្នុងនាមជាប្រធានគណបក្សបប្រជាជនកម្ពុជាសម្តេចពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ប្រទេសសមាជិក ICAPP និងស្ថាប័នដៃគូជាង៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។ សម្តេចសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ សម្តេចពិតជាមានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចំរុះគ្នាទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។

ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ សម្តេចយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធន៍យ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។

សម្តេចតេជោបានរំលឹកឡើងវិញថា រូបសម្តេចផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល ០៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួន និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។  ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសាទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។ ជាអកុសល ការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ដែលសម្តេចបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា នៅក្នុងគោលនយោបាយឈ្នះ-ឈ្នះ សម្តេចមានទស្សនៈថា សន្តិភាពប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានទេប្រសិនបើយើងមិនបានគិតគូរយ៉ាងយកចិត្តទុកដាក់លើកត្តាសំខាន់ៗផ្សេងទៀត ដូចជា ការផ្សះផ្សាជាតិ យុត្តិធម៌អន្តរកាល សមាហរណកម្មសង្គម-សេដ្ឋកិច្ច ក៍ដូចជាការចូលរួមនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងចំណុចនេនេះសម្តេចបានសង្កត់ធ្ងន់ថា យុត្តិធម៌មិនអាចសម្រេចបានទេ បើពុំមានសន្តិភាព។
Phal Sophup ~ផល សុភព, [Nov 22, 2024 at 13:28]
ការស្វែងរកយុត្តិធម៌យ៉ាងតក់ក្រហល់ ដោយពុំបានថ្លឹងថ្លែងពីការផ្សះផ្សាជាតិ មិនមែនជាជម្រើសដ៏ឆ្លាតវៃនោះទេ។ បើពុំដូច្នោះទេ ប្រទេសជាតិមួយ អាចនឹងធ្លាក់ចូលទៅក្នុងភាពវឹកវរ ឬសង្គ្រាមស៊ីវិលវិញមិនខាន។ ដូច្នេះ ការផ្សះផ្សាជាតិ គឺជាមូលដ្ឋានគ្រឹះមួយនៃការស្វែងរកសន្តិភាព ប្រកបដោយនិរន្តរភាព។

ចំពោះសម្ដេច «ការចំណាយពេលយូរដើម្បីទទួលបានយុត្តិធម៌ មិនមែនមានន័យថា ពុំមានយុត្តិធម៌ ឬយុត្តិធម៌ត្រូវបានបដិសេធនោះទេ» ទោះបីជាវាត្រូវចំណាយពេលជាងមួយទសវត្សរ៍ ក្នុងការធ្វើឱ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬ សាលាក្តីខ្មែរក្រហមដំណើរការក៏ដោយ។ អ.វ.ត.ក គឺជាសាលាក្តីកូនកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងបុគ្គលទទួលខុសត្រូវធំបំផុតនៃរបបនេះ។
គោលបំណងចម្បងរបស់សម្តេចក្នុងការបង្កើតសាលាក្តីកូនកាត់នេះ គឺដើម្បីធានាឱ្យមានការចូលរួមពេញលេញរបស់កម្ពុជា នៅក្នុងដំណើរការរបស់តុលាការ ស្របពេលជាមួយគ្នានេះ ក៏ធានាឱ្យបាននូវស្តង់ដារយុត្តិធម៌អន្តរជាតិ។ ខ្ញុំមិនចង់ឱ្យការណ៍នេះ ត្រូវបានគេមើលឃើញថា ជាយុត្តិធម៌របស់អ្នកឈ្នះតែម្ខាងនោះទេ ប៉ុន្តែដំណើរការយុត្តិធម៌អន្តរកាលត្រូវតែមានចំណែករបស់កម្ពុជា និងកម្ពុជាជាម្ចាស់។ សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហមទៅក្នុងសង្គម។ ដើម្បីសម្រេចបាន សម្តេចបានផ្តោតសំខាន់លើតម្រូវការសន្តិសុខមនុស្សជាតិជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហម ។

សម្តេចតេជោបានដាក់ចេញនូវគោលការណ៍នយោបាយចំនួន៣៖ ទី១-ការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទី២-ការធានាអាជីព និងមុខរបរ និង ទី៣-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេច បានធ្វើឱ្យសម្តេចមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា អាទិភាពផ្សេងទៀតរបស់សម្ដេចគឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទស្សវត្សរ៍ បណ្តា ប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាល។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ង ធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។សម្តេចមិនដែលភ្លេចនោះទេ ក្នុងការរម្លឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទី១ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទី២ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។

សម្ដេចតេជោបានមានប្រសាសន៍បន្តទៀតថា ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។ សម្តេចសូមគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្តិភាពនោះទេ។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។
យោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ សម្តេចតេជោ សូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print