ក្រសួងសាធារណការ ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះមានសារព័ត៌មានបរទេសមួយចំនួនរួមមានកាសែតបាងកកប៉ុស្តិ៍ និងកាសែត រ៉យទ័រ បានចុះផ្សាយព័ត៌មានលើគេហទំព័រ និងគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងថា “គម្រោង ព្រែកជីកហ្វូណនតេជោដ៏ល្បីរបស់កម្ពុជា កំពុងជួបប្រទះបញ្ហាពាក់ព័ន្ធនឹងការខ្វះខាតមូលនិធិក្នុងការ អនុវត្តគម្រោង”។

ពាក់ព័ន្ធនឹងការចេញផ្សាយព័ត៌មាននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធ ព័ត៌មានខាងលើ ដោយពិនិត្យឃើញថា ខ្លឹមសារដែលសារព័ត៌មានខាងលើ កំពុងប្រើប្រាស់ និងផ្សព្វផ្សាយ គឺមានភាពមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពី ការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់។ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបំភ្លឺជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តគម្រោងព្រែកជីកហ្វូនតេជោយ៉ាងសកម្ម ហើយក្រុមការងារបច្ចេកទេស របស់ក្រសួង បានបញ្ចប់ការសិក្សាលម្អិត និងកំពុងចុះធ្វើការវាយតម្លៃយ៉ាងស៊ីជម្រៅអំពីផលប៉ះពាល់ជាក់ស្តែង ចំពោះបងប្អូនប្រជាពលរដ្ឋ តម្រាយផ្លូវទឹកមួយចំនួនបន្ថែម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលត្រូវ កំណត់ និងដោះស្រាយចំពោះមុខ។ លើសពីនេះ ក្រុមការងារអនុវត្តគម្រោង បាននិងកំពុងបន្តអនុវត្តយ៉ាង សស្រាក់សស្រាំ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងដៃគូអន្តរជាតិ មិនដូច ការលើកឡើងមិនពិតម្តងហើយម្តងទៀតរបស់សារព័ត៌មានទាំងនោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងច្បាស់លាស់អំពីកិច្ចដំណើរការសាងសង់ “ព្រែកជីក ហ្វូណនតេជោ” ឬក្នុងករណីប្រជាពលរដ្ឋមានបំណងចង់សាកសួរព័ត៌មានទូទៅ ឬមានចម្ងល់ផ្សេងៗអំពី កិច្ចដំណើរការនៃគម្រោងនេះ សូមធ្វើការទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ «១២៧៥ ឬចូលសាកសួរ និងស្រាវជ្រាវព័ត៌មានដោយផ្ទាល់តាមរយៈគេហទំព័រផ្លូវការរបស់គម្រោងព្រែកជីកហ្វូណនតេជោ https://funantechocanal.gov.kh ឬទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/lunantechocanal ឬប្រព័ន្ធតេឡេក្រាមផ្លូវការ https://t.me/funantechocanal នៅរៀងរាល់ម៉ោងធ្វើការ។

 សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print