ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៩ នាក់ខាងលើ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ ហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស និង កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោស តាមមាត្រា ២២៤ មាត្រា ២១៨ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ ក្រុមដើមពោធិ៍ (DP) និង ក្រុម បឹងសាឡាងស្រួល (BSL) មានគ្នាសរុបចំនួនប្រហែល២០នាក់ ប្រដាប់ដោយដាវចំនួន ០២ ដើម បានធ្វើសកម្មភាពធាក់ ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យជនរងគ្រោះម្នាក់រងរបួស និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ ម្នាក់ទៀតត្រូវបានក្រុមក្មេងទំនើងវាយ និងកាប់ត្រូវកែងដៃខាងស្តាំរងរបួសធ្ងន់រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះ ម៉ូតូគេចខ្លួនអស់។ លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ២៥ នាទី ក្រុមក្មេងទំនើងខាងលើក៏បាន ប្រើប្រាស់ដាវចំនួន ០២ ដើម ធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះម្នាក់ជាច្រើនដាវចំដៃខាងស្តាំបណ្តាលឱ្យរង របួស នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតេលា ផ្លូវលេខ២០០៤ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទី សមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជន សង្ស័យចំនួន០៩នាក់ រួមមាន ១-ឈ្មោះ ឈាងលីហួ ២-ឈ្មោះ ប៉ូ គឹមហុង ៣-ឈ្មោះ ខេង សាវៀត ហៅវីត, ៤-ឈ្មោះ ហាន់ ណាហ្វី ម៉ូហាំម៉ាត់តាវហ៊ិច ៥-ឈ្មោះ ថា វ៉ាន់ធី,៦-ឈ្មោះ ហុក វណ្ណា, ៧-ឈ្មោះ ម៉ែន សិទ្ធិញ្ញាន,៨-ឈ្មោះ ផន ឆារះឆៃ និង ៩-ឈ្មោះ សៅ ជាបម៉េង ដកហូតបានដាវចំនួន០២ដើម ពីឈ្មោះ ប៉ូ គីមហុង ដែលបានយកទៅលាក់ទុកនៅគុម្ពស្មៅ នៅមុខវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹង ករណីលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។ដោយ រ៉ារ៉ា