ក្រុមឈ្មួញបានបង្ហើបឲ្យដឹងថា ប្រធានសាខាគយខេត្តកំពតលោក សុក គឹមហេន កំពុងបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត ។ ប្រភពបានឲ្យដឹងទៀតថា លោក សុក គឹមហេន អតីតជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំបានមកកាន់តំណែងជាប្រធានសាខាគយខេត្តកំពតជំនួសលោក សំ សុខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ហើយកំពុងធ្វើអ្វីៗស្រេចតែអំពើចិត្ត ។
បច្ចុប្បន្នបទល្មើសនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រែកចាក និងច្រកទាន់ហន់កំពុងកើតឡើងយ៉ាងអនាធិបតេយ្យធ្វើឲ្យរដ្ឋខាតបង់ចំណូល ពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះឈ្មួញនាំ ចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនចូលតាមច្រកព្រែកចាកច្រក ទាន់ហន់ និងនាំចូលតាមផ្លូវសមុទ្រមកឡើងនៅកំពង់ផែកណ្ដាលក្រុងកំពតកំពុងកើតឡើងកាន់តែច្រើនដោយសារមានការឃុបឃិតជាមួយមេគយធំៗដែលគិតគូរតែរឿង ផលប្រយោជន៍ផ្ទាល់ខ្លួន។ ទំនិញដែលឈ្មួញនាំចូលពីប្រទេសយួនមានដូចជា ប្រេង ឆា មេស្រា ទឹកត្រចៀកកាំ ទំនិញចាប់ហួយចម្រុះ និងគ្រឿងឧបភោគបរិភោគជាច្រើនប្រភេទទៀតក្នុងមួយថ្ងៃៗរាប់សិបរថយន្តតាមច្រកព្រំដែន និងច្រករបៀង ក្នុងស្រុក កំពង់ត្រាចដែលជាប្រភពចំណូលរបស់មន្ត្រីគយពុករលួយ ។
ឈ្មួញនិងអាជីវករដែលនាំទំនិញចូលពីប្រទេសវៀតណាមបានឲ្យដឹងថា មន្ត្រីគយក្រោមការគ្រប់គ្រងរបស់លោក សុក គឹមហេន បានគាបសង្កត់យកលុយពីពួកគាត់ស្រេចតែអំពើចិត្តដោយគ្មានការយោគយល់ឡើយធ្វើឲ្យពួកគាត់រកស៊ីស្ទើរតែគ្មាន សល់ប្រាក់ចំណេញដើម្បីដោះស្រាយជីវភាពគ្រួសារ ។
លោក សុក គឹមហេន និងបក្ខពួកបានឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់តាមច្រកព្រែកចាក ច្រកទាន់ហន់ ច្រករបៀងនានា និងច្រក ដែនសមុទ្រយ៉ាងពេញបន្ទុកដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ៕